វ៉ាស៊ីនតោន៖ ប្រភពដែលស្និទ្ធនឹងបញ្ហានេះ បានឲ្យដឹងថា តម្លៃនៃប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសកូរ៉េខាងជើង ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារតែអាជ្ញាធររបស់ប្រទេសនេះ បានចាប់ផ្តើមហាមឃាត់ ជាគោលការណ៍ការប្រើប្រាស់ រូបិយប័ណ្ណបរទេស ចាប់តាំងពី ២ខែមុន។
ការហាមឃាត់នេះ គឺមានគោលបំណង ក្នុងការដកហូតលុយដុល្លារ របស់សហរដ្ឋអាមេរិក ដោយសារតែប្រទេសកូរ៉េខាងជើង បានប្រឈមមុខនឹងការលំបាក ក្នុងការទទួលបានរូបិយប័ណ្ណបរទេស បន្ទាប់ពីការរាតត្បាតជំងឺកូវិដ-១៩ បានធ្វើឱ្យពាណិជ្ជកម្មរបស់ខ្លួន ជាមួយប្រទេសជិតខាងរបស់ខ្លួន មានការធ្លាក់ចុះកាលពីដើមឆ្នាំនេះ។
នៅក្នុងខែមករា ប្រាក់ដុល្លារ ដែលត្រូវបានប្រើនៅក្នុងប្រទេស ត្រូវបានប្តូរដោយមានស្ថិរភាពជាង ៨០០០ វ៉ុន នៅក្នុងទីក្រុងព្យុងយ៉ាង ប៉ុន្តែរូបិយប័ណ្ណអាមេរិក បានចាប់ផ្តើមធ្លាក់ចុះប្រឆាំង នឹងសមភាគីកូរ៉េខាងជើងរបស់ខ្លួន នៅចុងខែតុលា ហើយបានធ្លាក់ចុះ រយៈពេលយ៉ាងខ្លីក្រោម ៧០០០ វ៉ុន នេះបើយោងតាមកាសែត របស់កូរ៉េខាងត្បូង។
ប្រាក់វ៉ុន មិនត្រូវបានគេជួញដូរ នៅក្នុងទីផ្សារប្តូរប្រាក់ បរទេសអន្តរជាតិនោះទេ។ មុនពេលការផ្ទុះវីរុសនេះ ប្រទេសកូរ៉េខាងជើង ព្យាយាមរកប្រាក់ដុល្លារសហរដ្ឋអាមេរិក ដោយចាត់វិធានការដូចជា ការនាំចេញធនធានធម្មជាតិ ទៅកាន់ប្រទេសដទៃទៀត និងទទួលយកភ្ញៀវទេសចរ មកពីបរទេសជាដើម៕ ដោយ៖ ឈូក បូរ៉ា