បរទេស៖ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ថា លោកប្រាកដចិត្តថា រដ្ឋបាលអនាគតរបស់អាមេរិក នឹងវិលត្រឡប់មករកការប្តេជ្ញាកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងដកទណ្ឌកម្មដែលដាក់លើប្រទេសអ៊ីរ៉ង់។
លោក រ៉ូហានី តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំគ្មានមន្ទិលសង្ស័យទេថា ភាពអត់ធ្មត់រយៈពេល៣ឆ្នាំរបស់ប្រជាជនអ៊ីរ៉ង់ នឹងជំរុញរដ្ឋាភិបាលអាមេរិកអនាគត ឲ្យវិលត្រឡប់មករកការប្តេជ្ញារបស់ខ្លួនវិញ ហើយទណ្ឌកម្មនឹងត្រូវបានដកចេញ”។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងឆ្នាំ២០១៨ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងរវាងប្រទេសអ៊ីរ៉ង់និងមហាអំណាចពិភពលោកចំនួន៦ និងបានធ្វើការដាក់ទណ្ឌកម្មជាថ្មីឡើងវិញ។ ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ដែលនឹងឡើងកាន់អំណាច ធ្លាប់បានលើកឡើងពីភាពអាចទៅរួច ដែលទីក្រុងវ៉ាស៊ីនតោន អាចនឹងចូលរួមវិញក្នុងកិច្ចព្រមព្រៀងនោះ៕ប្រែសម្រួល៖ប៉ាង កុង