ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម ឈរនៅខាងបាតុករគាំទ្រ ប្រជាធិបតេយ្យនៅប្រទេសថៃ

បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក ដន ប្រាមុដ វីណៃ កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញនូវ ដំណោះស្រាយមួយរបស់ សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម ក្នុងការគាំទ្រដល់ក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក ដន ប្រាមុដ វីណៃ កំពុងឆ្លើយសំណួរដែល បានលើកឡើងនៅក្នុងសភា តំណាងដោយសមាជិកសភាភឿថៃ ប្រចាំទីក្រុង Nan គឺ Cholnan Srikaew បន្ទាប់ពីសមាជិកព្រឹទ្ធសភាបានអំពាវនាវ ឲ្យប្រទេសថៃគាំទ្រលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ បន្ទាប់ពីការប្រើប្រាស់អំពើ ហឹង្សាប្រឆាំងនឹងក្រុមបាតុករ។

សេចក្តីព្រាងដំណោះស្រាយ ដែលដាក់នៅចំពោះមុខគណៈកម្មាធិការ ព្រឹទ្ធសភាអាមេរិកខាងទំនាក់ទំនងការបរទេស ត្រូវបានស្នើដោយសមាជិកព្រឹទ្ធសភាលោក Bob Menendez សមាជិកនៃគណៈកម្មាធិការនេះ និងសមាជិកព្រឹទ្ធសភាលោក Dick Durbin ។

សេចក្តីព្រាងដំណោះស្រាយនេះ ត្រូវបានគាំទ្រដោយសមាជិកព្រឹទ្ធសភា ៧ រូបផ្សេងទៀត រួមទាំងសមាជិកព្រឹទ្ធសភា អាមេរិកដើមកំណើតថៃ លោកស្រី Tammy Duckworth ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top