បរទេស៖ ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍បានស្នើឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មដែលបានដាក់លើ សាជីវកម្មគីមីឥន្ធនៈវៀតណាម ដោយវៀតណាមបានច្រានចោល ការចោទប្រកាន់ដែលថា ខ្លួនបានរំលោភសេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិលើប្រទេសអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើ សាជីវកម្មដឹកជញ្ជូនឧស្ម័ននិងគីមីវៀតណាម សម្រាប់ “ការចូលរួមដោយចេតនា នៅឬបន្ទាប់ពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុងប្រតិបត្តិការដ៏សំខាន់មួយ សម្រាប់ការដឹកជញ្ជូនផលិតផលប្រេងពីអ៊ីរ៉ង់។
ទណ្ឌកម្មនេះក៏ត្រូវបានអនុវត្តចំពោះលោក Vo Ngoc Phung ដែលកំពុងបម្រើការជានាយកប្រតិបត្តិ របស់ក្រុមហ៊ុនផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា «ទំនាក់ទំនងរវាងវៀតណាមនិងអ៊ីរ៉ង់ តែងតែមានការបើកចំហរ តម្លាភាព និងការធ្វើប្រតិបត្តិការរវាងវៀតណាម និងអ៊ីរ៉ង់ គឺជាទំនិញស៊ីវិលដែលមិនរំលោភលើ ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើយ»៕
ប្រែសម្រួលៈ ណៃ តុលា