ព័ត៌មានអន្តរជាតិ

បណ្ដាមេដឹកនាំអឺរ៉ុប កំពុងធ្វើចត្ដាឡីស័ក ក្រោយប្រធានាធិបតីបារាំងលោក ម៉ាក្រុង ឆ្លងជំងឺកូវីដ-១៩

ព្រុចសែល៖ បណ្ដាមេដឹកនាំអឺរ៉ុប កំពុងធ្វើចត្ដាឡីស័ក ដោយខ្លួនឯងបន្ទាប់ពីមានទំនាក់ទំនងជាមួយលោកប្រធានាធិបតីបារាំងលោក   Emmanuel Macron ដែលបានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ- ១៩ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ប្រធានាធិបតីបារាំង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ម៉ាក្រុង “នឹងធ្វើចត្ដាឡីស័ករយៈពេលមួយសប្ដាហ៍ ប៉ុន្តែនឹងបន្តធ្វើការ និងអនុវត្តសកម្មភាពរបស់លោកពីចម្ងាយ” ។

ប្រធានាធិបតីបារាំងអាយុ ៤២ ឆ្នាំរូបនេះ បានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សហគមន៍អ៊ឺរ៉ុប នៅទីក្រុងប្រ៊ុចសែល កាលពីសប្តាហ៍មុន  និងព្រឹត្តិការណ៍ដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នៅទីក្រុងប៉ារីស កាលពីថ្ងៃច័ន្ទ។

បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យរបស់លោក បណ្ដាមេដឹកនាំអ៊ឺរ៉ុបមួយចំនួនផ្សេងទៀត ក៏បានប្រញាប់ប្រញាល់ធ្វើចត្ដាឡីស័ក និងរង់ចាំធ្វើតេស្ដរកមេរោគផងដែរ។

ការិយាល័យនាយករដ្ឋមន្រ្តីបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថានាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ដែលបានជួបលោក Macron កាលពីថ្ងៃច័ន្ទ ក្នុងព្រឹត្តិការណ៍ OECD នឹងត្រូវធ្វើចត្ដាឡីស័ករហូតដល់ថ្ងៃទី២៤ ខែធ្នូ៕

To Top