បរទេស៖មន្ត្រីជាន់ខ្ពស់ក្រិកមួយរូប បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃសុក្រនេះថា ប៉ូលីសក្នុងប្រទេសក្រិក ទើបបានឃាត់ខ្លួនមន្ត្រីកុងស៊ុលតួកគីមួយរូប ពីបទសង្ស័យប្រព្រឹត្តធ្វើអំពើចារកម្ម ហើយនេះករណីមួយ ដែលទំនងជានឹងធ្វើឲ្យជាប់គាំងថែមទៀត ក្នុងចំណងមិត្តភាពរវាងសម្ពន្ធមិត្តណាតូទាំងពីរ។
មន្ត្រីដែលត្រូវឃាត់ខ្លួន ជាជនជាតិក្រិកដែលធ្វើការងារជាមួយកុងស៊ុលតួកគី នៅលើកោះ Rhodesនោះ គឺត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រនេះ ក្រោយត្រូវបានសាកសួរកាលពីមួយសប្ដាហ៍កន្លងទៅ ហើយជនជាតិក្រិកទីពីរមួយរូបទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ។
មន្ត្រីប៉ូលីសមួយរូប បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ាងដូច្នេះថា “មនុស្សម្នាក់ គឺកំពុងតែធ្វើការងារនៅកុងស៊ុលតួកគី លើកោះ Rhodes ហើយបុរសទីពីរ បានធ្វើការងារជាចុងភៅ នៅលើនាវាដឹកអ្នកដំណើរមួយ ដែលធ្វើប្រតិបត្តិការទៅមករវាងកោះ Rhodes និង Kastelorizo ”៕ប្រែសម្រួល៖ប៉ាង កុង