បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសថៃឡង់ដ៏ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៥៧៦នាក់ ដែលបានរកឃើញ ក្នុងនោះរាប់ទាំងកម្មករមកពីមីយ៉ាន់ម៉ា ចំនួន៥១៦នាក់ បានប្រកាសឲ្យដឹងមុន នៅខេត្ត Samut Sakhon ដែលស្ថិតក្នុងការបិទប្រទេស ។
យោងតាមតួលេខពីមជ្ឈមណ្ឌល រដ្ឋបាលស្ថានភាពជំងឺកូវីដ១៩ (CCSA)បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺសរុប គឺមានចំនួន៥៣៥នាក់ គឺឆ្លងក្នុងស្រុក ទន្ទឹមនឹងនេះដែរ មាន៤១នាក់ ដែលជាអ្នកនាំចូលពីខាងក្រៅ ។
ជនអន្តោប្រវេសន៍មីយ៉ាន់ម៉ាចំនួន ៥១៦នាក់ ដែលជាកម្មករ បានធ្វើតេស្តឃើញមានលទ្ធផលវិជ្ជមាននៃវីរុស តាមរយៈអង្គភាពធ្វើតេស្តចល័តនៅខេត្ត Samut Sakhon ចម្ងាយប្រមាណ៤៧គីឡូម៉ែត្រ ស្ថិតនៅភាគនីរតីនៃរដ្ឋធានីបាងកក ប្រទេសថៃ បន្ទាប់ពីមានស្ត្រីអាយុ៦៧ឆ្នាំម្នាក់ ដែលជាអ្នកផ្គត់ផ្គង់គ្រឿងសមុទ្រ នៅក្នុងផ្សារក្នុងស្រុក ត្រូវបានបញ្ជាក់ថា មានផ្ទុកវីរុស កាលពីដើមសប្តាហ៍នេះ ។
យោងតាម CCSA បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា សរុបមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤.៩០៧នាក់ ក្នុងនោះមានករណីក្នុងស្រុកចំនួន៣.០១១នាក់ និងមានករណីនាំចូលចំនួន១.៨៩៦នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៦០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា