បរទេស៖ ករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃបានរកឃើញថ្មីចំនួន ៣៨២ នាក់ទៀត នៅថ្ងៃចន្ទនេះ ក្នុងនោះ ៣៦០ នាក់ជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ដែលបានផ្សារភ្ជាប់ទៅនឹងទីផ្សារលក់ដុំបង្គា នៅខេត្ត សាមុតសាខន ជាខេត្តជាប់ព្រំដែនភាគនិរតីទីក្រុងបាងកក។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការកើនឡើងនៃការឆ្លងនេះ បានកើតឡើងបន្ទាប់ពីមានករណីរកឃើញអ្នកឆ្លងថ្មីចំនួន ៥៧៦ ត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ។ ការកើនឡើងនៅថ្ងៃច័ន្ទនេះត្រូវបានគេរំពឹងថា ដោយសារតែការធ្វើតេស្ដសាកល្បងជាបន្តបន្ទាប់ទៅលើកម្មករចំណាកស្រុករាប់ពាន់នាក់នៅក្នុងឧស្សាហកម្មនេសាទរបស់ខេត្តនេះ ជាពិសេសនៅក្នុងតំបន់ដែលត្រូវបានបិទចាប់តាំងពីយប់ថ្ងៃសៅរ៍។
ការឆ្លងថ្មីបានបង្កើនចំនួនអ្នកឆ្លងវីរុសសរុបនៅក្នុងប្រទេសថៃផ្ទុះឡើងដល់ ៥.២៨៩ នាក់, នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង់ ស្ថានភាពជំងឺកូវីដ១៩៕ប្រែសម្រួលៈ ណៃ តុលា