ភ្នំពេញ: ប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ផ្តល់ហិរញ្ញប្បទានរហូតដល់៧៥លានអឺរ៉ូ (ប្រមាណជាង៩១លានដុល្លារ) សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២១ធ្នូបានឲ្យដឹងថា នៅថ្ងៃនេះលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញាហិរញ្ញប្បទានចំនួនពីរ ដើម្បីគាំទ្រដល់ដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទប្រកបដោយចីរភាព ក៏ដូចជាការអភិវឌ្ឍដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។
គម្រោង Rural Infrastructure Development for Camdodia (RID4CAM) នឹងជួយកែលម្អសេវាមូលដ្ឋានសម្រាប់ប្រជាជននៅតាមជនបទ និងចូលរួមចំណែកតភ្ជាប់តំបន់ដាច់ស្រយាល។ ចំណែកកម្មវិធី Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) នឹងបង្កលក្ខណៈងាយស្រួលដល់ពិពិធកម្មវិស័យកសិកម្ម តាម រយៈការគាំទ្រផ្នែកដ៏មានសក្តានុពលទាំងប្រាំ (រួមមានគ្រាប់ស្វាយ ចន្ទី ផ្លែស្វាយ ដំឡូងជ្វា បសុបក្សី និងការដាំដំណាំ)។
គម្រោងទាំងនេះនឹងត្រូវបានដាក់ឱ្យដំណើរការជាមួយធនាគារ KfW អាល្លឺម៉ង់ និងធនាអភិវឌ្ឍន៍អាស៊ី (ADB)៕