បរទេស៖ មន្ត្រីអាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ការបំផ្ទុះគ្រាប់បែករថយន្តអត្តឃាតមួយ នៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន គឺទីក្រុងកាប៊ុល បានសម្លាប់មនុស្សតិចបំផុតចំនួន៨នាក់ និងរបួសចំនួន១៥នាក់ ដែលរួមមានទាំងសមាជិករដ្ឋសភាមួយរូបផងដែរ។
លោក Tariq Arian តាមសេចក្តីរាយការណ៍ ជាមន្ត្រីនាំពាក្យឲ្យក្រសួងមហាផ្ទៃរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយប្រាប់ថា ភេរវករបានធ្វើការវាយប្រហារនោះនៅថ្ងៃអាទិត្យ បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ដល់ផ្ទះសម្បែងនៅជុំវិញកន្លែងវាយប្រហារដោយគ្រាប់បែកនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដែលលោកនិយាយថា បានផ្តោតគោលដៅលើក្បួនរថយន្តរបស់អ្នកនយោបាយ គឺលោក Khan Mohammad Wardak ដែលបានរងរបួសនៅកន្លែងកើតហេតុ៕