Covid-19

នាយករដ្ឋមន្រ្តីជប៉ុន៖ នឹងមិនមានការបោះឆ្នោតនោះទេ រហូតដល់ជំងឺកូវីដ-១៩ ស្ថិក្រោមការគ្រប់គ្រង

តូក្យូ៖ លោកនាយករដ្ឋមន្រ្តី Yoshihide Suga បានឲ្យដឹងថា លោកមិនមានគម្រោងរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតនោះទេ រហូតដល់ប្រទេសជប៉ុន អាចនាំយកជំងឺកូវីដ-១៩ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងបាន។

លោក Suga បានលើកឡើងថា“ យើងមិនគួរធ្វើវានោះទេដរាបណាយើង អាចការពារការរីករាលដាល នៃវីរុសឆ្លងនេះបាន ខណៈដែលការឆ្លងបានបន្ត កើនឡើងពាសពេញប្រទេស មុនឈានទៅកាន់ថ្ងៃឈប់សម្រាកចុងឆ្នាំ។

ឱកាសរបស់លោកនាយករដ្ឋមន្រ្តី ក្នុងការកោះហៅការបោះឆ្នោត កំពុងថមថយបន្តិចម្តងៗ ព្រោះថាអាណត្តិរបស់លោក ក្នុងនាមជាមេដឹកនាំគណបក្ស ប្រជាធិបតេយ្យសេរីកំពុង បញ្ចប់នៅខែកញ្ញា ឆ្នាំក្រោយ ហើយរយៈពេលបួនឆ្នាំបច្ចុប្បន្ន របស់សមាជិកសភាជាន់ទាប នឹងបញ្ចប់នៅខែបន្ទាប់។

ការគាំទ្រជាសាធារណៈ ដល់លោកនាយករដ្ឋមន្រ្តី ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីបានចូលកាន់តំណែងកាលពីខែកញ្ញា បានធ្លាក់ចុះនៅពេលដែល មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការឆ្លើយតបរបស់លោក ពាក់ព័ន្ធនឹងជំងឺកូវីដ- ១៩ ។

ការស្ទង់មតិរបស់សារព័ត៌មានក្យូដូ ដែលបានធ្វើឡើងកាលពីដើមខែនេះ បានបង្ហាញថា អត្រាអនុម័តសម្រាប់គណៈរដ្ឋមន្រ្តីរបស់លោក បានធ្លាក់ចុះដល់ ៥០,៣ ភាគរយពី ៦៣,០ ភាគរយនៅក្នុងខែវិច្ឆិកា ៕

ដោយ ឈូក បូរ៉ា

To Top