ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំម៉ាឡេស៊ី បានឲ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីបរទេស មកត្រឹម៧ថ្ងៃវិញ ដែលចាប់អនុវត្តពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ តទៅ។
យោងតាមសេក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា ប្រចាំម៉ាស៊ីឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ជនបរទេសទាំងត្រូវគោរពតាមលក្ខខណ្ឌ ដូចតទៅ៖
ទី១-ត្រូវមានវិញ្ញាបនបត្របញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ (Negative RT-PCR COVID-19) ដែលមានសុពលភាពរយៈពេល៣ថ្ងៃ មុនចាកចេញដំណើរមកកាន់ប្រទេសម៉ាឡេស៊ី ហើយត្រូវបង្ហាញដល់អាជ្ញាធរនៅពេលចូលដល់ប្រទេសម៉ាឡេស៊ី។
ទី២-ក្នុងករណីពុំមានវិញ្ញាបនបត្របញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ អ្នកដំណើរត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ។
និងទី៣-នៅពេលមកដល់ប្រទេសម៉ាឡេស៊ី អ្នកដំណើរត្រូវ ទទួលបន្ទុករាល់ការចំណាយផ្សេងៗដោយខ្លួនឯង រួមទាំងការពិនិត្យរកមើលមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ ក្នុងករណីមានផ្ទុកមេរោគកូវីដ-១៩៕