បរទេស ៖ មេដឹកនាំនយោបាយទីបេ ដែលកំពុងតែនិរទេសខ្លួននោះ នៅថ្ងៃអង្គារនេះ បានធ្វើការស្វាគមន៍ច្បាប់អនុម័ត ដោយរដ្ឋសភាសហរដ្ឋអាមេរិក ដែលអះអាងជាថ្មី នូវសិទ្ធិរបស់ប្រជាពលរដ្ឋទីបេ ក្នុងការជ្រើសរើសអ្នកស្នងតំណែង មេដឹកនាំមេដឹកនាំសាសនា គឺសម្តេចសង្ឃ ដាឡៃ ឡាម៉ា ហើយការអនុម័តច្បាប់បែបនេះ ធ្វើឲ្យចិនខឹង ។
លោក Lobsang Sangay ជាប្រធានរដ្ឋបាលកណ្ដាលរបស់ទីបេ ដែលគេស្គាល់ថា រដ្ឋាភិបាលនិរទេសទីបេ បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានថា ការអនុម័តច្បាប់ នៅថ្ងៃចន្ទសប្ដាហ៍នេះ របស់រដ្ឋសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាសហរដ្ឋអាមេរិក ស្តីពីគោលនយោបាយទីបេ និងច្បាប់គាំទ្រ គឺជារឿងប្រវត្តិសាស្ត្រ ។
ចំណែកមន្ត្រីនាំពាក្យក្រសួង ការបរទេសចិន លោក Wang Wenbin បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅថ្ងៃអង្គារនេះថា ក្រសួងការបរទេសចិន បានចោទប្រកាន់ សហរដ្ឋអាមេរិក ពីបទជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងចិន និងបានព្រមានសហរដ្ឋអាមេរិក មិនឲ្យចុះហត្ថលេខាលើ សេចក្តីព្រាងច្បាប់នោះឲ្យក្លាយជាច្បាប់ជាធរមាន៕
ប្រែសម្រួល៖ប៉ាង កុង