ឡុងដ៌៖ ប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប និងលើសពីនេះកំពុងតែពុះពារ ដើម្បីរឹតបន្តឹងព្រំដែនរបស់ពួកគេ ដល់អ្នកធ្វើដំណើរពីប្រទេសអង់គ្លេស ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង ចំពោះការកើនឡើងនៃករណីឆ្លងថ្មីជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។
នៅក្នុងនោះដែរ យោងតាមសារព័ត៌មាន BBC ប្រទេស និងតំបន់ជាង ៤០ រួមមានហុងកុង ឥណ្ឌា និងរុស្ស៊ី បានផ្អាកការហោះហើរពីអង់គ្លេស ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងថ្មីនេះ។
បារាំង បានហាមឃាត់រាល់ការធ្វើដំណើរ ពីអង់គ្លេសក្នុងរយៈពេល ៤៨ ម៉ោង ដោយចាប់ផ្តើមពីថ្ងៃច័ន្ទនេះ ខណៈបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី អៀរឡង់ និងហូឡង់ បានផ្អាកការហោះហើរពីប្រទេសនេះ ជាបណ្តោះអាសន្ន ដូចប្រទេសកាណាដា អ៊ីរ៉ង់ អ៊ីស្រាអែល និងតួកគីផងដែរ។
សហគមន៍អ៊ឺរ៉ុប គ្រោងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីវិធានការណ៍នានាដើម្បីឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងឆាប់ រហ័សនៃវីរុសថ្មីនៅក្នុងប្រទេសអង់គ្លេស៕ ដោយ ឈូក បូរ៉ា