ព័ត៌មានអន្តរជាតិ

អាមេរិកផ្តោតគោលដៅ លើក្រុមហ៊ុនរុស្ស៊ីនិងចិន ពាក់ព័ន្ធនឹងយោធា

បរទេស៖ រដ្ឋបាលសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសប្រាប់ នូវការរឹតបន្តឹងផ្នែកជំនួញនានា លើក្រុមហ៊ុនជាច្រើនរបស់ចិននិងរុស្ស៊ី ដោយចោទប្រកាន់ក្រុមហ៊ុនទាំងនោះ ពីបទមានចំណងទាក់ទងជាមួយយោធា។

ក្រសួងពាណិជ្ជកម្មអាមេរិក បានបង្ហាញបញ្ជីឈ្មោះ អ្នកប្រើប្រាស់ជាយោធាថ្មីរបស់ខ្លួន នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយមានឈ្មោះក្រុមហ៊ុនចិន ចំនួន៥៨ក្រុមហ៊ុន និងក្រុមហ៊ុនរុស្ស៊ីចំនួន៤៥ក្រុមហ៊ុន ក្នុងក្រុមអង្គភាពដំបូង ដែលរដ្ឋាភិបាលអាមេរិកចាត់ទុកថា ជាហានិភ័យនៃការប្រើប្រាស់ មិនអាចទទួលយកបាន ឬក៏ការបង្វែរ ទៅជាការប្រើប្រាស់របស់យោធា នៅក្នុងប្រទេសចិន រុស្ស៊ី ឬក៏វេណេស៊ុយអេឡា។

គួរបញ្ជាក់ថា បញ្ជីឈ្មោះនេះ រារាំងក្រុមហ៊ុនទាំងនោះ មិនឲ្យទិញទំនិញ និងបច្ចេកវិទ្យាសហរដ្ឋអាមេរិក តាមរយៈការតម្រូវ ឲ្យក្រុមហ៊ុននាំចេញត្រូវមានអាជ្ញាប័ណ្ណ ដើម្បីលក់ផលិតផលបែបនោះឲ្យដល់ពួកគេ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI៕ ប្រែសម្រួល៖ប៉ាង កុង

To Top