ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងរុស្ស៊ី ស្ទាក់ចាប់យន្ដហោះយោធាជប៉ុន នៅដែនសមុទ្រខាងកើត

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្ដហោះចម្បាំងរបស់ប្រទេសរុស្ស៊ី បានស្ទាក់ចាប់យន្តហោះយោធាជប៉ុនមួយគ្រឿង នៅលើដែនសមុទ្រខាងកើត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងថា ការត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញវត្ថុអាកាសមួយ ខិតទៅជិតព្រំដែនរដ្ឋរបស់ប្រទេសរុស្ស៊ី លើដែនទឹកអព្យាក្រឹត នៃសមុទ្រជប៉ុន និងសមុទ្រកោះអូខុក។

យន្តហោះចម្បាំង Su-30 ត្រូវបានបញ្ជា ឲ្យចេញប្រតិបត្ដិការស្ទាក់ចាប់ ហើយក្រុមអាកាសយានិក បានកំណត់គោលដៅថា ជាយន្ដហោះល្បាត OP-3C ដែលជាកម្មសិទ្ធិ របស់កងទ័ពអាកាសជប៉ុន។

នៅក្នុងនោះដែរ យន្តហោះរុស្ស៊ី បន្ទាប់មកបានអមដំណើរយន្ដហោះជប៉ុន នៅលើដែនសមុទ្រជប៉ុន និងសមុទ្រកោះអូខុក ដើម្បីធានាថា វាមិនបានរំលោភព្រំដែនរដ្ឋរបស់រុស្ស៊ីនោះទេ៕ ដោយ៖ ឈូក បូរ៉ា

To Top