បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃពុធនេះថា កិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីសម្រេចឲ្យបាននូវ ដំណោះស្រាយសន្តិភាព នៅក្នុងប្រទេសលីប៊ី គួរតែត្រូវបានបង្កើនឡើង នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន RIA។
ប្រទេសលីប៊ី បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ ក្រោយការផ្តួលរំលំលោក Muammar Gaddafi នៅក្នុងឆ្នាំ២០១១ ហើយកាលពីខែតុលា ភាគីចម្បងទាំងពីរក្នុងសង្គ្រាមនៅលីប៊ីនោះ គឺរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ ដែលអន្តរជាតិទទួលស្គាល់ និងកងទ័ពជាតិលីប៊ីមានមូលដ្ឋាននៅភាគខាងកើតរបស់លោក Khalifa Haftar បានព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នាមួយ។
គួរបញ្ជាក់ថា នៅក្នុងពេលថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសំណើធ្វើឡើងដោយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ឲ្យតែងតាំងលោក Nickolay Mladenov ជាប្រេសិតពិសេសរបស់ អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី និងលោក Tor Wennesland ជាប្រេសិតប្រចាំនៅតំបន់មជ្ឈមបូព៌ា ៕
ប្រែសម្រួល៖ ប៉ាង កុង