ព័ត៌មានអន្តរជាតិ

រុស្ស៊ី បណ្ដេញមន្ត្រី ការទូត កូឡំប៊ីពីររូប

បរទេស ៖ ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានធ្វើការប្រកាសថា មន្ត្រីការទូតកូឡំប៊ីពីររូប គឺជាបុគ្គលមិនគួររាប់រក ក្នុងដំណើរឆ្លើយតបវិញមួយ បន្ទាប់ពីមានការបណ្ដេញ មន្ត្រីការទូត របស់ប្រទេសរុស្ស៊ីពីររូប ចេញពីប្រទេស នៅអាមេរិកខាងត្បូងនេះ ។

អាជ្ញាធរកូឡំប៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា មន្ត្រីការទូតរុស្ស៊ីពីររូប បានធ្វើដំណើរចាកចេញ ហើយ ពីស្ថានទូតរុស្ស៊ី និងមិនអាច វិលត្រឡប់មកវិញនោះទេ ចំណែកប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកនានា បានរាយការណ៍ថា មន្ត្រីការទូតរុស្ស៊ីនោះ គឺត្រូវបានចោទប្រកាន់ ពីបទពាក់ព័ន្ធក្នុងទង្វើចារកម្ម។

ប៉ុន្តែអាជ្ញាធរកូឡំប៊ី មិនបានផ្តល់សេចក្តីលម្អិតពីមូលហេតុ ដែលមន្ត្រីការទូតរុស្ស៊ីទាំងពីរចាកចេញនោះទេ ដោយត្រឹមតែនិយាយថា ពួកគេទាំងពីរ បានរំលោភបំពានអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូត នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន in-cyprus ៕
ប្រែសម្រួល៖ប៉ាង កុង

To Top