សេអ៊ូល៖ លោកនាយករដ្ឋមន្រ្តី ជុង សៃគួន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថពិភពលោកចំនួនពីរគឺ Janssen និង Pfizer ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ដោយមានផែនការចាប់ផ្តើមចាក់វ៉ាក់សាំងនៅត្រីមាសទី២ ឆ្នាំ២០២១ ។
ក្នុងកិច្ចប្រជុំអន្តរកម្ម ស្តីពីការឆ្លើយតបនឹងរោគរាតត្បាត COVID-១៩ លោកជុង សៃគួន បានលើកឡើងថា ក្រោមកិច្ចសន្យាខ្លួននឹងនាំយកថ្នាំចំនួន ៦ លានដូសពី Janssen និង ១០ លានដូសពី Pfizer ។
ដំបូងឡើយកូរ៉េខាងត្បូង បានគ្រោងនឹងចាក់វ៉ាក់សាំងរបស់ Janssen ចំនួន ២ លានដូស។ លោកបានបន្ថែមថា រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងនៅក្នុងត្រីមាសទី២ ឆ្នាំក្រោយ។
លោកបានគូសបញ្ជាក់ថា ការទិញវ៉ាក់សាំង Pfizer ត្រូវបានគេគ្រោងនឹងចាប់ផ្តើមទៅដល់ប្រទេសកូរ៉េខាងត្បូង ក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២១ ប៉ុន្តែរដ្ឋាភិបាលកំពុងកៀរគរធនធានទាំងអស់ ដើម្បីជំរុញការដឹកជញ្ជូនមកត្រឹមត្រីមាសទី ២៕ដោយ ឈូក