បឺលីន៖ ទីផ្សារចិនជាថ្មីម្តងទៀត បានក្លាយជាសសរស្តម្ភដ៏សំខាន់បំផុត នៃឧស្សាហកម្មរថយន្តសកល និងរបស់ក្រុមហ៊ុនផលិតអាល្លឺម៉ង់ជាពិសេស នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុន ពិគ្រោះយោបល់ពិភពលោក Ernst & Young (EY) កាលពីថ្ងៃពុធ។
យោងតាមប្រភពពី EY ភាគហ៊ុនចិន នៃការលក់ជាសកលរបស់ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ នៅត្រីមាសទី៣ បានកើនឡើងពី ៣៥,៧ ភាគរយដល់ ៣៩,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងអំឡុងពេលរលកជំងឺកូវីដ-១៩ ដំបូងនៅក្នុងត្រីមាសទី២ មានចំនួន ៥១ ភាគរយនៃរថយន្តថ្មីទាំងអស់ របស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ ត្រូវបានលក់ទៅឱ្យអតិថិជននៅប្រទេសចិន។
ក្រុមហ៊ុនផលិតរថយន្តធំៗ របស់អាឡឺម៉ង់ Volkswagen, BMW និង Daimler ទទួលបានផលចំណេញពីការងើបឡើងវិញ នៃទីផ្សារនៅក្នុងប្រទេសចិន ខណៈការលក់រថយន្តត្រីមាសទី ៣ របស់ពួកគេនៅក្នុងប្រទេសចិន បានកើនឡើង ៩ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
ស្របពេលជាមួយគ្នានេះដែរ ការលក់របស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ នៅអឺរ៉ុបខាងលិចបានធ្លាក់ចុះ ៤ ភាគរយ និងធ្លាក់ចុះ ១៤ ភាគរយនៅសហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍ EY៕
ដោយ ឈូក បូរ៉ា