បរទេស៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី លោក Denis Manturov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីរំពឹងថា នឹងបង្កើនការផលិតវ៉ាក់សាំង ការពារវីរុសកូវីដ១៩ ឈ្មោះ Sputnik V ឱ្យបានចំនួន ៣០ លានដូសនៅត្រឹមខែមិថុនា ឆ្នាំក្រោយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Manturov នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ RBC ថា «និយាយពីផលិតកម្មថ្នាំច្រើន ជាង ២,៥ លាន នឹងត្រូវបានផលិតនៅក្នុងខែធ្នូ គឺតិចជាងបន្តិច សម្រាប់ការប្រើប្រាស់ ទៅលើជនស៊ីវិល ប៉ុន្តែនៅក្នុងខែមករា ដែលយោងតាមផែនការ ដែលបានរៀបចំនិងអនុម័តរួច ហើយដោយអ្នកផលិត គឺរំពឹងថា នឹងផលិតឱ្យបានចំនួន ៣,៥ លានដូស បន្ទាប់មកវានឹងកើនឡើងដល់ ១៨ នៅត្រឹមខែមេសានិងរហូតដល់ ៣០ លានដូស នៅខែមិថុនា។ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមថា វាអាចនឹងកើតឡើងលឿនជាងនេះទៅទៀត» ។
ក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ គឺប្រទេសរុស្ស៊ីបានលេចមុខជាអ្នកនាំមុខគេក្នុងការអភិវឌ្ឍវ៉ាក់សាំង ខណៈដែលផលិតផលវ៉ាក់សាំងចំនួនពីរ របស់ខ្លួនគឺ Sputnik V ដែលត្រូវបានអភិវឌ្ឍ ដោយវិទ្យាស្ថាន Gamaleya របស់ទីក្រុងម៉ូស្គូនិង វ៉ាក់សាំង EpiVacCorona ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល ស្រាវជ្រាវ Vector របស់ប្រទេសស៊ីបេរី ស្ថិតក្នុងដំណាក់កាលសាកល្បង គ្លីនិកទី ៣ រួចហើយ ។ វ៉ាក់សាំងមួយទៀតដោយមជ្ឈមណ្ឌលស្រាវជ្រាវ Chumakov នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី នឹងចាប់ផ្តើមសាកល្បងដំណាក់កាលទី ៣ នៅដើមឆ្នាំ ២០២១។ ការសាកល្បងព្យាបាលដោយថ្នាំវ៉ាក់សាំង Sputnik V ដែលជាអ្នកត្រួសត្រាយ ផ្លូវនោះ បានបង្ហាញថា អត្រាប្រសិទ្ធភាពរបស់វាមានជាង ៩០ ភាគរយ ៕
ប្រែសម្រួលៈ ណៃ តុលា