ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មរវាងចិន និងកូរ៉េខាងជើង ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ២ខែជាប់ៗគ្នានៅក្នុងខែវិច្ឆិកា

ប៉េកាំង៖ អ្នកជំនាញការកិច្ចការបរទេស បានឲ្យដឹងថា ពាណិជ្ជកម្មរបស់ចិន ជាមួយកូរ៉េខាងជើង បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ២ ខែជាប់ៗគ្នានៅក្នុងខែវិច្ឆិកា ខណៈដែលទីក្រុងព្យុងយ៉ាង កំពុងពង្រឹងវិធានការ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះ ទៅក្នុងប្រទេស។

ប្រភពបានដឹងពីស្ថានភាព នៅក្នុងប្រទេសនេះបានឲ្យដឹងថា ជាមួយនឹងការធ្លាក់ចុះដ៏ធ្ងន់ធ្ងរ នៅក្នុងសេដ្ឋកិច្ចទូលំទូលាយ ដែលរារាំងដល់ការផ្គត់ផ្គង់រាល់ថ្ងៃ អ្នកការទូតនៅក្នុងទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមជម្លៀស ចេញពីប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ។

រដ្ឋបាលគយទូទៅបានឲ្យដឹងថា ទំហំពាណិជ្ជកម្មចិន និងកូរ៉េខាងជើង បានធ្លាក់ចុះ ២៣ ភាគរយពីមួយខែមុន ដល់ ១,២៧ លានដុល្លារក្នុងខែវិច្ឆិកា ខណៈការនាំចេញរបស់ខ្លួន ទៅកាន់ប្រទេសជិតខាង ក៏បានធ្លាក់ចុះ ៤២ ភាគរយស្មើនឹង ១៤៨,០០០ ដុល្លារ។

អ្នកជំនាញការបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងចិន និងកូរ៉េខាងជើង បានកើនឡើងជាថ្មីម្តងទៀត ចាប់តាំងពីមានទិន្នន័យ ដែលអាចប្រៀបធៀប បាននៅក្នុងឆ្នាំ១៩៩៨ ។

ប្រទេសកូរ៉េខាងជើង បានកាត់ផ្តាច់ចរាចរណ៍ ទៅនិងមកពីប្រទេសចិន និងរុស្ស៊ី ចាប់តាំងពីដើមឆ្នាំនេះ ដោយសារមានការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយទីក្រុងព្យុងយ៉ាង អះអាងថា វីរុសនេះមិនបានធ្វើឱ្យប៉ះពាល់ ដល់ប្រទេសរបស់ខ្លួននោះទេ៕ ដោយ៖ ឈូក បូរ៉ា

To Top