ព័ត៌មានអន្តរជាតិ

ហុងកុង តម្រូវឲ្យធ្វើ ចត្ដាឡីស័ក រយៈពេល ២១ ថ្ងៃ សម្រាប់ភ្ញៀវទេសចរ បន្ថែមអាហ្វ្រិកខាងត្បូង ទៅក្នុងបញ្ជីហាមឃាត់

ហុងកុង៖ ទីក្រុងហុងកុងបានពង្រីកការធ្វើចត្ដាឡីស័កដោយរយៈពេល ៧ ថ្ងៃទៅ ២១ ថ្ងៃ សម្រាប់ភ្ញៀវទេសចរទាំងអស់ ដែលធ្វើដំណើរមកពីខាងក្រៅប្រទេសចិន ចាប់ពីថ្ងៃសុក្រទី២៥ ខែធ្នូក្នុងកិច្ចប្រឹងប្រែងបង្កើនការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា អាជ្ញាធរក៏បានហាមឃាត់ប្រជាជនទាំងអស់ ដែលបានស្នាក់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ឲ្យធ្វើចត្ដាឡីស័ករយៈពេល ២១ ថ្ងៃមុនពីការឡើងជិះហោះទៅក្រុងហុងកុង។

 ទីក្រុងហុងកុង បានហាមឃាត់រាល់ជើងហោះហើរទាំងអស់ ដែលធ្វើដំណើរមកពីចក្រភពអង់គ្លេស ពីថ្ងៃច័ន្ទ និងបានឲ្យដឹងថា និស្សិតពីរនាក់ ដែលបានវិលត្រឡប់មកពីចក្រភពអង់គ្លេស ទំនងជាត្រូវឆ្លងជំងឺកូវីដ-១៩ ។

 នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍អាជ្ញាធរបានឲ្យដឹងថាមនុស្សដែលបានស្នាក់នៅកន្លែងផ្សេងៗនៅខាងក្រៅប្រទេសចិន ក្នុងអំឡុងពេល ២១ ថ្ងៃមុនពេលពួកគេមកដល់ ត្រូវឆ្លងកាត់រយៈពេល ២១ ថ្ងៃនៃការដាក់ឲ្យនៅដាច់ពីគេនៅក្នុងសណ្ឋាគារដែលបានកំណត់។

អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ដោយកត់សំគាល់ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃស្ថានភាពរាតត្បាតជាសកល ជាមួយនឹងការផ្លាស់ប្តូរវីរុសថ្មី ដែលត្រូវបានរកឃើញនៅក្នុងប្រទេសជាច្រើន វាចាំបាច់ត្រូវឲ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការណ៍ដោះស្រាយជាបន្ទាន់ ដើម្បីធានាថាគ្មានករណីណាមួយអាចកើតឡើង សូម្បីតែក្នុងករណីមានករណីពិសេស៕

To Top