បរទេស៖ នៅថ្ងៃសុក្ររដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៨១ នាក់ ក្នុងនោះរួមមាន ឆ្លងក្នុងសហគមន៍មានចំនួន ៣៧ នាក់, ពលករចំណាកស្រុកចំនួន ៣៥ នាក់ និងរកឃើញវិជ្ជមានពេលធ្វើចត្តាឡីស័កចំនួន ៩ នាក់ ដែលចំនួនសរុបអ្នកឆ្លងវីរុសនេះ បានកើនឡើងដល់ ៥ ៩១០នាក់ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា ករណីឆ្លងក្នុងសហគមន៍ចំនួន ២៦ ករណីក្នុងចំណោមករណីទាំង ៣៧ករណីនោះ គឺបានផ្សារភ្ជាប់ទៅនឹងការឆ្លងវីរុសនៅខេត្ត សាមុត សាខន ចំណែក ១១ នាក់ទៀតកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ដែលឆ្លងពីប្រភពណា។
អ្នកឆ្លងវីរុសក្នុងសហគមន៍ រួមមានអ្នកលក់គ្រឿងសមុទ្រ មន្ត្រីរដ្ឋាភិបាល កម្មករដឹកជញ្ជូនអាហារសមុទ្រ និងបុគ្គលិកធនាគារ។ លោក Visanuyothin បាននិយាយថា ភាគច្រើនពួកគេបង្ហាញរោគសញ្ញានៃជំងឺនេះ។
អ្នកនាំពាក្យបាននិយាយថារហូតមកដល់ពេលនេះការផ្ទុះដែលបានកើតឡើងនៅផ្សារបង្កងកណ្តាលខេត្តសាមុតសាខនបានរាលដាលដល់ ៣១ ខេត្តហើយ៕ប្រែសម្រួលៈ ណៃ តុលា