ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍ថា ប្រទេសចិន បានសម្រេចចិត្តរៀបចំ សន្និបាតជាតិប្រចាំឆ្នាំ របស់ខ្លួន នៅទីក្រុងប៉េកាំង នៅថ្ងៃទី០៥ ខែមីនាឆ្នាំក្រោយ ដោយបង្ហាញនូវទំនុកចិត្ត របស់ខ្លួនថា ការផ្ទុះឡើង នៃវីរុសឆ្លងកូវីដ-1៩ ត្រូវបានគ្រប់គ្រងរួចហើយ។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយថា ការសម្រេចចិត្តនេះ ត្រូវបានអនុម័ត នៅគណៈកម្មាធិការ អចិន្ត្រៃយ៍សភាប្រជាជនចិន ដែលជាស្ថាប័ន នីតិប្បញ្ញត្តិកំពូល របស់ប្រទេសចិន។
ក្រុមអ្នកតាក់តែងច្បាប់ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការសេដ្ឋកិច្ច រយៈពេល ៥ ឆ្នាំថ្មី ដែលគ្របដណ្ដប់ចន្លោះឆ្នាំ២០២១ និង២០២៥ និងគោលដៅ រយៈពេលវែងរហូតដល់ឆ្នាំ២០៣៥ ខណៈដែលគណបក្ស កាន់អំណាចចិន បានសន្យាថា នឹងប្រកាន់យក នូវយុទ្ធសាស្រ្ត“ ចរាចរពីរ” ដើម្បីជំរុញ តម្រូវការក្នុងស្រុក ខណៈដែលកំពុងព្យាយាមជំរុញ ការនាំចេញ។ ។
គោលដៅរយៈពេលវែង រួមមានការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យមានភាពលេចធ្លោ នៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងកែលម្អការធ្វើទំនើបកម្ម នៃខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់រយៈពេល ១៥ ឆ្នាំខាងមុខ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមដកចិនចេញពីបណ្តាញពាណិជ្ជកម្មពិភពលោក៕ ដោយ ឈូក បូរ៉ា