បរទេស ៖ ប្រទេសតួកគីនៅថ្ងៃអាទិត្យ បាននិយាយថា យោធារបស់ខ្លួនបានសម្លាប់សកម្មប្រយុទ្ធ ចំនួន១៥នាក់ មកពីកងជីវពលឃឺដ YPG នៅប្រទេសស៊ីរី ដែលខ្លួននិយាយថា កំពុងតែត្រៀមរៀបចំធ្វើការវាយប្រហារ ក្នុងតំបន់មួយនៅប្រទេសស៊ីរីភាគពាយព្យ ដែលតួកគីនិង សម្ពន្ធមិត្តក្រុមឧទ្ធាមស៊ីរីរបស់ខ្លួនកាន់កាប់ ។
នៅលើបណ្ដាញសង្គមធ្វីតធ័រ ក្រសួងការពារជាតិតួកគី បាននិយាយដូច្នេះថា “កងកម្លាំងពិសេសដ៏ក្លាហានរបស់យើង បានបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយផ្សេងទៀត ចំពោះអង្គការភេរវកម្ម PKK/YPG ហើយភេរវករ PKK/YPG ចំនួន១៥នាក់ ដែលកំពុងតែព្យាយាមជ្រៀតចូលក្នុងតំបន់សន្តិភាពនិទាឃរដូវ ពីតំបន់ខាងត្បូង ដើម្បីធ្វើវាយប្រហារនោះ ត្រូវបានកម្ចាត់ដោយកិច្ចអន្តរាគមន៍ ដ៏ជោគជ័យ នៃកងកុម្ម៉ង់ដូរបស់យើង” ។
គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការ វាយ លុកមួយ កាលពីឆ្នាំមិញ ដែលគេហៅថា ប្រតិបត្តិការសន្តិភាពនិទាឃរដូវ ប្រទេសតួកគី បានដណ្ដើមកាន់កាប់ទឹកដីព្រំដែន លាតសន្ធឹងប្រវែង១២០គីឡូម៉ែត្រ ក្នុងប្រទេសស៊ីរីភាគពាយព្យ ពីក្រុមសកម្មប្រយុទ្ធ YPG ដែលខ្លួនចាត់ទុកថា ជាអង្គការភេរវកម្ម ពាក់ព័ន្ធនឹងកងជីវពលបក្ស ពលករឃឺដខុសច្បាប់៕
ប្រែសម្រួល៖ប៉ាង កុង