ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រទេសចិន ដែលបើកទូលាយ នឹងនាំមកនូវឱកាសកិច្ចសហប្រតិបត្តិការ កាន់តែច្រើនឡើងៗដល់ពិភពលោក

“ហេតុអ្វីបានជាពិភពលោក ត្រូវការប្រទេសចិន?” នេះជាប្រធានបទនៃសុន្ទរកថា ដែលលោក Cyrus Janssen អ្នករៀបចំប្លុកវីដេអូ របស់សហរដ្ឋអាមេរិកបានថ្លែង ក្នុងសកលវិទ្យាល័យមួយ នៅកាណាដានាពេលថ្មីៗកន្លងទៅនេះ ។

លោកបានគូសបញ្ជាក់ពីសារសំខាន់ របស់ចិនចំពោះពិភពលោកពីវិស័យទីផ្សារ ការបើកទូលាយ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើម ដែលបានបង្ហាញថា អាកប្បកិរិយារបស់ចិនដែលប្រកាន់ខ្ជាប់ ការបើកទូលាយនិងធ្វើកិច្ចសហប្រតិបត្តិការ ទើបជាតម្រូវការរបស់សង្គមបច្ចុប្បន្ននេះ ។ បន្ទាប់ពីវីដេអូនេះត្រូវបង្ហោះ តាមប្រព័ន្ធទំនាក់ទំនងសង្គមរបស់អាមេរិក បាននាំឱ្យអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត មានចំណាប់អារម្មណ៍ដូចគ្នាផងដែរ ។

តាមការពិត ការបើកទូលាយជាសញ្ញាជាក់លាក់ របស់ប្រទេសចិននាពេលបច្ចុប្បន្ននេះ ។ នៅឆ្នាំ២០២០ដែលជាឆ្នាំប្លែកពីធម្មតា ក្នុងបរិបទដែលពាណិជ្ជកម្ម និងការវិនិយោគសកលបានរង ការវាយប្រហារដ៏ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ចិនបានគ្រប់គ្រងជំងឺកូវីដ១៩មុនគេ សម្រេចកំណើនសេដ្ឋកិច្ចវិជ្ជមានមុនគេ និងបន្តជំរុញការបើកទូលាយដោយកម្រិតខ្ពស់ ប្រការទាំងនេះមានសារ សំខាន់ណាស់ចំពោះពិភពលោក ។

រំលឹកឡើងវិញនូវសុន្ទរកថា របស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ក្នុងកាលៈទេសៈសំខាន់ៗជាច្រើន ទាំងជាតិនិងអន្តរជាតិក្នុងឆ្នាំនេះ អាចឃើញថា ប្រទេសចិនដែលពន្លឿនបង្កើន និម្មាបនកម្មអភិវឌ្ឍន៍ថ្មី បាននិងកំពុងឆ្ពោះទៅកាន់ ការបើកទូលាយចំពោះអន្តរជាតិ ដែលមានក្របខ័ណ្ឌកាន់តែធំ វិស័យកាន់តែទូលំទូលាយ និងមានភាពកាន់តែស៊ីជម្រៅ ដើម្បីជំរុញប្រទេសនានា បើកទូលាយជាមួយគ្នា និងសម្រេចការអភិវឌ្ឍជាមួយគ្នា ។

ក្នុងនាមជាចំណុចសំខាន់ ក្នុងខ្សែសង្វាក់ឧស្សាហកម្មសកល ប្រទេសចិនបានស្តារផលិតកម្មឡើងវិញ មុនគេក្នុងលក្ខខណ្ឌបានគ្រប់គ្រង ជំងឺកូវីដ១៩ដោយមានប្រសិទ្ធភាព ដែលបានគាំពារយ៉ាងខ្លាំងក្លា នូវស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ពីខែមករាដល់ខែវិចិ្ឆកាឆ្នាំនេះ ទំហំសរុបនៃការនាំចេញនាំចូល របស់ចិនបានកើនឡើង ១,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំនេះបានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ។

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ឡើងទៅ ចិននឹងអនុវត្តអត្រាពន្ធគយបណ្តោះអាសន្ន នៃការនាំចូលដែលទាបជាងកម្រិត អនុគ្រោះពន្ធចំពោះទំនិញ៨៨៣ប្រភេទ ។ តាមការប៉ាន់ប្រមាណ ក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះ ទំហំប្រាក់នាំចូលទំនិញរបស់ចិន មានសង្ឃឹមលើសពី ២២ទ្រីលានដុល្លារអាមេរិក ។

ប្រទេសចិនដែលជិតនឹងឈានចូល ដំណាក់កាលអភិវឌ្ឍថ្មី កំពុងប្រើប្រាស់សកម្មភាពជាក់ស្តែង អនុវត្តតាមពាក្យសន្យារបស់ខ្លួន ពោលគឺ “ទ្វារបើកទូលាយនឹងមិនបិទទេ ហើយនឹងបើកកាន់តែទូលំទូលាយ ។”ដូចកាសែត The Star ដែលជាប្រព័ន្ធសារព័ត៌មានសំខាន់ របស់អាហ្វ្រិកខាងត្បូងបានវាយតម្លៃថា “ប្រទេសចិនដែលបើកទូលាយនឹងនាំមក នូវឱកាសកិច្ចសហប្រតិបត្តិការកាន់តែច្រើន ឡើងៗដល់ពិភពលោក” ៕

To Top