ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ទំនងមិនធ្វើសុន្ទរកថាឆ្នាំថ្មី

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងមិនធ្វើសុន្ទរកថាឆ្នាំថ្មី ក្រោយមាន ការឆ្លងរាតត្បាតជម្ងឺកូវីដ១៩មួយឆ្នាំ និងការកាត់បន្ថយសកម្មភាពយោធានានា នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

លោក គីម ជុងអ៊ុន ដែលបានបង្ហាញវត្តមាន នៅទីសាធារណៈពីរបីដង នៅក្នុងឆ្នាំ២០២០នោះ ត្រូវបានគេរំពឹងថា នឹងធ្វើសេចក្តីថ្លែងការណ៍មួយ នៅក្នុងសមាជបក្សលើកទី៨ របស់ទីក្រុងព្យុងយ៉ាង ក្នុងខែមករាខាងមុខនេះ។ ចំណែកសុន្ទរកថាឆ្នាំថ្មី ទំនងជានឹងត្រូវបោះបង់ចោល ឬក៏អាចនឹងផ្តោតតិចតួច លើគោលនយោបាយ។

គួរបញ្ជាក់ថា នៅក្នុងខែធ្នូ ឆ្នាំ២០១៩ លោក គីម ជុងអ៊ុន ធ្លាប់បានធ្វើសុន្ទរកថាឆ្នាំថ្មី ព្រមានថា ប្រទេសរបស់លោក អាចនឹងបង្ហាញ នូវអាវុធយុទ្ធសាស្ត្រថ្មី ប៉ុន្តែការរាតត្បាតជម្ងឺឆ្លងក្នុងឆ្នាំនេះ បានបង្ខំឲ្យកូរ៉េខាងជើងផ្តោតខ្លាំង លើវិធានការទប់ស្កាត់ជម្ងឺឆ្លងវិញ៕ ប្រែសម្រួល៖ប៉ាង កុង

To Top