តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់ម្នាក់ ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Press TV បានឲ្យដឹងថា អ៊ីរ៉ង់នឹងផ្តល់នូវការឆ្លើយតប“ យ៉ាងខ្លាំង និងទ្រង់ទ្រាយធំ” ចំពោះនាវាមុជទឹកអ៊ីស្រាអែលណា មួយនៅក្នុងឈូងសមុទ្រ ។
អ្នកនាំពាក្យគណៈកម្មាធិការ សន្តិសុខជាតិ និងគោលនយោបាយ ការបរទេស របស់រដ្ឋសភា បានឲ្យដឹងថា “ អ៊ីស្រាអែល ត្រូវតែដឹងថា ការឆ្លើយតបរបស់យើង ចំពោះការឈ្លានពានប្រឆាំង នឹងសន្តិសុខជាតិរបស់យើង នឹងខ្លាំងក្លាបំផុត” ។
ការកត់សម្គាល់របស់មន្រ្តីអ៊ីរ៉ង់រូបនេះ បានធ្វើឡើងបន្ទាប់ពី របាយការណ៍របស់កាសែត Washington Post បានអះអាងថា នាវាមុជទឹកអ៊ីស្រាអែលមួយគ្រឿង បានធ្វើដំណើរឆ្ពោះទៅឈូងសមុទ្រ ជាការព្រមានដល់អ៊ីរ៉ង់ ។
លោកបានបញ្ជាក់ថា “ អ៊ីស្រាអែល កំពុងតែស្វែងរកលេស ដើម្បីអូសតំបន់នេះទៅជាភាពតានតឹង ដែលបង្កើតភាពវឹកវរក្នុងថ្ងៃចុងក្រោយ នៃតំណែងប្រធានាធិបតីលោក ដូណាល់ ត្រាំ របស់ប្រធានាធិបតី សហរដ្ឋអាមេរិក” ។
លោកក៏បានព្រមានដល់បណ្តាប្រទេស អារ៉ាប់ដែលនៅជិតខាងផងដែរថា ការនាំអ៊ីស្រាអែលនៅជិតព្រំដែនអ៊ីរ៉ង់ អាចបង្កើតបញ្ហា សម្រាប់ពួកគេផងដែរ៕
ដោយ ឈូក បូរ៉ា