Covid-19

ថៃ មានអ្នកស្លាប់ដោយសារ វីរុសកូវីដ១៩ ចំនួនម្នាក់ទៀត និងរកឃើញអ្នកឆ្លងក្នុងសហគមន៍ចំនួន ១៣៤នាក់ ថែមទៀត

បរទេស៖ នៅថ្ងៃអង្គារ រដ្ឋាភិបាលថៃបានកត់ត្រា​ ករណីឆ្លងថ្មីវីរុសកូវីដ១៩ចំនួន ១៥៥នាក់ ក្នុងនោះ មានអ្នកឆ្លងក្នុងសហគមន៍ចំនួន ១៣៤នាក់, ជនចំណាកស្រុកចំនួន ១១ នាក់ និង អ្នកមកពីបរទេសកំពុងធ្វើចត្តាឡីស័កចំនួន ១០ ដែលបាននាំឱ្យអ្នកឆ្លងវីរុស ក្នុងប្រទេសថៃសរុបកើនដល់ ៦៤៤០នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ៦១ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ១០ ករណីនៃករណីថ្មីទាំង ១៥៥ គឺជាករណីនាំចូល ពីប្រទេសអាល្លឺម៉ង់ វៀតណាម ឥណ្ឌា ស៊ុយអែត សហរដ្ឋអាមេរិក តួកគី និងបារ៉ែន។

ករណីថ្មីចំនួន ១២ ត្រូវបានផ្សារភ្ជាប់ទៅនឹងការរីករាលដាល នៃផ្សារលក់ដុំបង្គារ នៅខេត្តសាមុតសាខន និងករណីថ្មីពីរទៀតត្រូវបានផ្សារភ្ជាប់ ជាមួយនឹងក្រុមល្បែងស៊ីសងក្នុងខេត្តរ៉ាក់យ៉ង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top