បរទេស៖ ក្រុមហ៊ុនឱសថ Celltrion របស់ប្រទេសកូរ៉េខាងត្បូង រំពឹងថា នឹងចាប់ផ្តើមការព្យាបាលជំងឺកូវីដ១៩ នៅដើមខែក្រោយ ដោយនេះបានបង្កើនក្តីសង្ឃឹមថា វានឹងអាចប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីដែល កំពុងបង្កការភ័យខ្លាច ដោយសារតែការឆ្លងខ្ពស់។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រុមហ៊ុន ថា ខ្លួនបានដាក់ពាក្យសុំការយល់ព្រមតាមលក្ខខណ្ឌសម្រាប់ការព្យាបាលដោយប្រើ CT-P59 របស់ខ្លួនទៅក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថ។ ការយល់ព្រមតាមលក្ខខណ្ឌត្រូវបាន ផ្តល់ឱ្យថ្នាំថ្មីមួយ ដែលបានបញ្ចប់ការសាកល្បងព្យាបាលដំណាក់កាលទី២ ប្រសិនបើមិនមានការព្យាបាលផ្សេងទៀតសម្រាប់ជំងឺនេះទេ។ អ្នកអភិវឌ្ឍន៍វ៉ាក់សាំងតម្រូវ ឱ្យបន្តនិងបញ្ចប់ការសាកល្បងព្យាបាលក្នុងពេលតែមួយ។
ប៉ុន្មានម៉ោងបន្ទាប់ពីទទួលបានពាក្យសុំរបស់ក្រុមហ៊ុន Celltrion ក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថ បាននិយាយថា ខ្លួនបានចាប់ផ្តើមពិនិត្យហើយ។
កាលពីដើមសប្តាហ៍នេះក្រសួងបាននិយាយថាខ្លួននឹងកាត់បន្ថយរយៈពេលនៃការត្រួតពិនិត្យឡើងវិញសម្រាប់ថ្នាំ ដើម្បីព្យាបាលជំងឺកូវីដ១៩ ពី ១៨០ ថ្ងៃ មកត្រឹម ៤០ ថ្ងៃ។ ដោយមើលឃើញបែបនេះ ការព្យាបាលត្រូវបានគេរំពឹងថានឹងមាននៅចុងខែមករា។
ការសាកល្បងដំណាក់កាលទី ២ ត្រូវបានធ្វើឡើងលើអ្នកជំងឺ ៣២៧ នាក់នៅក្នុងប្រទេសកូរ៉េ រ៉ូម៉ានី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ហើយការចាក់ថ្នាំព្យាបាលចុងក្រោយបានធ្វើឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកា។ ក្រុមហ៊ុន Celltrion បាននិយាយថាខ្លួនបានសម្រេចចិត្តដាក់ពាក្យសុំការយល់ព្រមក្នុងស្រុកភ្លាមៗបន្ទាប់ពីការសាកល្បង ពីព្រោះ“ ក្រុមហ៊ុនជឿជាក់ថា ខ្លួនមាន ធានានូវភ័ស្តុតាងនិងទិន្នន័យគ្រប់គ្រាន់ ដើម្បីដាក់ពាក្យស្នើសុំការយល់ព្រម៕ប្រែសម្រួលៈ ណៃ តុលា