សេអ៊ូល ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំនយោបាយ របស់គណបក្សពលករ និងបានសម្រេចចិត្តរៀបចំ សមាជគណបក្សមួយ នៅដើមខែក្រោយនេះ ។
យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េបានឱ្យដឹងថា កិច្ចប្រជុំនយោបាយនេះ ធ្វើឡើងនៅថ្ងៃអង្គារនេះ “បានពិនិត្យ និងធ្វើឱ្យមានការបញ្ជាក់ អំពីគុណវុឌ្ឍិរបស់ប្រតិភូ” និង “សំណើសម្រាប់ការបង្កើត គណៈប្រធានសមាជិកនៃវេទិកា និងលេខាធិការដ្ឋាន នៃសមាជលើកទី៨ នៃបក្សកាន់អំណាចកូរ៉េខាងជើង” ។
ភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយដោយមិន បានបញ្ជាក់ពីកាលបរិច្ឆេទថា ខ្លួនក៏បានអនុម័តសេចក្តីសម្រេចចិត្តលើការរៀបចំសមាជនេះនៅដើមខែមករាខាងមុននេះ។
ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ខ្លួននឹងធ្វើសមាជបក្ស ជាលើកដំបូងក្នុងរយៈពេលជាង ៤ឆ្នាំនៅក្នុងខែមករា ដែលខ្លួននឹងបង្ហាញនូវគម្រោង អភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយ៕
ដោយ ឈូក បូរ៉ា