វ៉ាស៊ីនតោន៖ ករណីឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានគេរកឃើញ ដំបូងគេនៅចក្រភពអង់គ្លេស ត្រូវបានគេកំណត់អត្តសញ្ញាណ នៅសហរដ្ឋអាមេរិកនៃរដ្ឋខូឡូរ៉ាដូ កាលពីថ្ងៃអង្គារ ខណៈដែលប្រទេសនេះ កំពុងរងគ្រោះខ្លាំងបំផុតលើពិភពលោក។
អភិបាលរដ្ឋខូឡូរ៉ាដូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំងឺកូវីដ-១៩ទម្រង់ថ្មី ត្រូវបានកំណត់អត្តសញ្ញាណនៅលើបុរសម្នាក់ នៅរដ្ឋខូឡូរ៉ាដូ ក្នុងអាយុ ២០ឆ្នាំ ដោយគ្មានប្រវត្តិធ្វើដំណើរនោះទេ។
យោងតាមប៉ូលីសបានឲ្យដឹងថាបុរសនេះ កំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅតំបន់អេលប៊ែក ហើយនឹងនៅតែដាក់ក្នុងស្ថានភាពបែបនេះ រហូតទាល់តែមានការជាសះស្បើយ ពីមន្ត្រីសុខាភិបាល។
លោកអភិបាលបានឲ្យដឹងទៀតថា មិនទាន់មានការបញ្ជាក់ពីទំនាក់ទំនង ជិតស្និទ្ធរបស់បុរសម្នាក់នេះនៅឡើយទេ ប៉ុន្តែមន្ត្រីសុខាភិបាលកំពុងធ្វើការតាមដាន។
មន្ទីរពិសោធន៍រដ្ឋខូឡូរ៉ាដូ ជាកន្លែងដំបូងគេនៅក្នុងប្រទេស ដែលបានកំណត់ជំងឺឆ្លងទម្រង់ថ្មី យ៉ាងឆាប់រហ័សតាមរយៈការវិភាគនៃគំរូតេស្ត។ មន្ទីរពិសោធន៍បានបញ្ជាក់ និងជូនដំណឹងដល់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិកនៃករណី នេះបើយោងតាមប៉ូលីស ៕
ដោយ ឈូក បូរ៉ា