ព័ត៌មានអន្តរជាតិ

សុន្ទរកថា ជូនពរ​ឆ្នាំ​ថ្មី​២០២១ របស់​​​​លោក​ Shen Haixiong ​អគ្គនាយក​នៃ​អគ្គស្ថានីយវិទ្យុ និ​ងទូរទស្សន៍​មជ្ឈិម​ចិន

​      ថ្ងៃទី ១ ខែមករា​ ឆ្នាំ ២០២១​ លោក​Shen Haixiong អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ឆ្លង​តាម​រយៈ​រលកអាកាស​​ និងបណ្តាញ​អ៊ីនធើណេត ថ្លែង​សុន្ទរកថា​ជូន​ពរ​ឆ្នាំ​ថ្មីឆ្នាំ​សកល២០២១​​ ចំពោះ​ប្រិយមិត្ត​​របស់​​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នៅ​ទូទាំង​ពិភពលោក​ ។ សុន្ទរកថាមាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​៖

      ប្រិយមិត្ត​ជា​ទី​មេត្រី៖

      ឆ្នាំ​២០២១​ដែល​មាន​ក្តី​សង្ឃឹម​បាន​មក​ដល់​ហើយ​ ឆ្នាំ​ថ្មី​នេះក៏​​ជា​ឆ្នាំឆ្លូវតាម​ចន្ទគតិ​ចិន​ ។ សត្វ​គោ ជា​សត្វ​ដែល​មនុស្ស​យើង​ចិញ្ចឹមមុន​គេ​បង្អស់​ មាន​គុណ​បំណាច់ក្នុងអរិយធម៌កសិកម្ម ។ ដូច្នេះ ប្រជាជន​ចិនយល់​​ថា សត្វ​គោ​មិនខ្លាច​​ការ​នឿយហត់ហើយ​មាន​កម្លាំង​មាំមួន​ ។ ឆ្លៀត​ឱកាស​នេះ ខ្ញុំ​សូម​​ជូន​ពរ​លោក​អ្នក​រីករាយ​ឆ្នាំ​ថ្មី​ នឹង​មាន​សុខភាពល្អ​បរិបូរណ៍ !

      ឆ្នាំ​២០២០​ដែល​ទើប​តែ​កន្លង​ផុត​ទៅ ជា​ឆ្នាំ​មិន​ធម្មតា​ទេ ។ ក្នុង​ឆ្នាំ​នេះ ពិភពលោក​មាន​ការ​​លំបាក​និង​ឧបសគ្គ​ជាច្រើន ។ ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ដែលស្រាប់​តែ​​ផ្ទុះឡើង​ បាន​វាយ​ប្រហារ​សង្គម​មនុស្ស​ជាតិ​ទាំង​មូល ។ ក្រោមការ​​បញ្ជាការ​ដោយ​ផ្ទាល់​របស់​លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​លំបាក​លំបិន​ ប្រទេស​ចិន​ទទួល​បានសមិទ្ធផល​សំខាន់​ជា​ដំណាក់កាល​ ។ ប្រទេស​ចិន​ក៏​បាន​ក្លាយ​ជា​អង្គភាព​សេដ្ឋកិច្ច​សំខាន់​តែ​មួយ​គត់​នៅ​លើ​ពិភព​លោក​ដែល​បាន​សម្រេច​កំណើន​វិជ្ជមាន​ !

      បច្ចុប្បន្ន​នេះ ជំងឺ​កូវីដ​១៩​នៅតែបន្ត​​រីក​រាល​ដាល​នៅ​ប្រទេសជា​ច្រើន​នៅ​លើ​ពិភពលោក​ដដែល ។  សង្ឃឹម​ថា​ ពួក​យើង​អាច​ឆ្លងផុត​​ភាពលំបាក​ក្នុង​ពេល​ឆាប់ៗ និង​សូម​ជូនពរ​មនុស្ស​គ្រប់​រូបឱ្យ​​មាន​សុខភាព​ល្អ​បរិបូរណ៍ !

      ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​និងផ្សព្វផ្សាយ​អំពី​​ការ​ពិត​ជា​ភារកិច្ច​របស់​ពួក​យើង ។ ខណៈពេល​ជំងឺ​កូវីដ​១៩​រីក​រាល​ដាល​ដំបូង សហការី​​ជាង​២ពាន់​នាក់​របស់​ខ្ញុំ​ ក៏​បាន​ ប្រញាប់ធ្វើ​ដំណើរ​ទៅ​កាន់​ជួរមុខដែល​មាន​ការ​រីក​រាល​ដាល​ជំងឺ​ឆ្លង​នៅ​ប្រទេស​ចិន​ ។ អ្នក​សារព័ត៌មាន​បាន​ផ្សាយព័ត៌មាន​ផ្ទាល់ពី​ “តំបន់​ក្រហម”​នៃ​​បន្ទប់​ព្យាបាល​ករណី​ឆ្លង​ ការ​ផលិត​ភាពយន្ត​ឯកសារ​ជា​ច្រើន​ភាសា​ដូច​ជា​ « រួម​ចិត្ត​រួម​ថ្លើមប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ »ជា​ដើម​ បាន​បង្ហាញដោយ​សត្យានុម័តជូន​ចំពោះ​ពិភពលោកនូវ​សភាពការណ៍​ជាក់​ស្តែង​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​ចិន​ ។

      អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ផលិត​កម្ម​វិធីសន្ទនាមតិ​​ស្តីពី​ «​ការ​ពិគ្រោះ​ពិភាក្សា​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​នៅទូទាំង​ពិភពលោក» ដោយ​បាន​អញ្ជើញ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​នៃ​ប្រទេស​ជាច្រើនឱ្យ​ចូល​រួម​​ពិគ្រោះ​ពិភាក្សា​​ និង​ចែក​រំលែក​បទ​ពិសេធ​ន៍​របស់​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ចិន​នៅ​ជួរមុខ​​ព្យាបាល​រោគ ។ យើ​ង​បាន​យក​បទ​សម្ភាសន៍​ផ្តាច់​មុខ​ជា​មួយ​លោក Richard Horton និពន្ធ​នាយកនៃ​ទស្សនាវដ្តី​វេជ្ជសាស្ត្រ​ « The Lancet » និង​លោក  Peter Forster ប្រធាន​អ្នក​និពន្ធ​នៃ​របាយការ​ណ៍​ស្តីពី​ការបម្លែង​​ពូជ​នៃ​វីរុស​កូវីដ១៩​របស់​សកលវិទ្យាល័យ​​ Cambridge ជា​ដើម ដើម្បី​​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​​គ្រប់​បែប​យ៉ាង​ពាក់ព័ន្ធ​ជំងឺ​កូវីដ​១៩​តាម​រយៈរឿង​​ពិត​និងភស្តុតាង​វិទ្យាសាស្ត្រ​ ។

      ឆ្នាំ​២០២០​ដែល​ទើប​តែ​កន្លង​ផុត​ទៅ ក្នុងសង្គម​​មនុស្ស​មាន​មនោសញ្ចេតនា​ពិត​ប្រាកដ ។ កាល​ពី​ជាង​៩រយ​ឆ្នាំ​មុន លោក Zhang Zai ទស្សនវិទូ​នៅរជ្ជកាល​Song នៃ​ប្រទេស​ចិន​ធ្លាប់និយាយ​ពាក្យ​មួយ​ឃ្លា ដែល​មាន​ន័យ​ថា ភាពក្រីក្រ​និង​ការ​ឈឺចាប់​អាចលត់ដំ​ឆន្ទៈមនុស្ស​យើង​ និង​អាច​ជួយយើងឱ្យ​​ទទួល​បាន​ជោគជ័យ ។ ក្នុង​គ្រា​លំបាក​ យើង​​អាច​ទទួល​បាន​ភាព​កក់ក្តៅ​និង​មនោសញ្ចេតនា​ពិត​ប្រាកដ ហើយ​ចាប់​​អារម្មណ៍​យ៉ាង​ជាក់​លាក់​ពី​ខ្លឹម​សារ​នៃ​សហគមន៍​រួម​វាសនា​តែ​មួយរបស់​មនុស្ស​ជាតិ ។ ឆ្លង​តាម​រយៈ​ការ​ប្រយុទ្ធ​ប្រឆាំង​លើក​នេះ យើង​មានការ​យល់​ដឹង​​យ៉ាង​ជ្រាល​ជ្រៅ​ថា ប្រឈម​នឹងបញ្ហា​ប្រឈម​​រួមដូច​ជា​ជំងឺ​ឆ្លង​ជាដើម​ ឱ្យ​តែ​មនុស្ស​យើង​ចាប់​ដៃ​គ្នា​និងតស៊ូ​​ប្រយុទ្ធ​ជា​មួយ​គ្នា នឹង​​អាច​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នេះ ។

      ជំងឺ​កូវីដ​១៩​បាន​រារាំង​ការ​ផ្លាស់​ប្តូរ​ទល់​​មុខគ្នា​របស់​​យើង​ ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​ដួង​ចិត្ត​របស់​យើង​កាន់​តែ​ជិត​ស្និទ្ធ ។ ក្នុងរយៈ​ពេល​មួយ​ឆ្នាំ​ ខ្ញុំ​និង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ប្រព័ន្ធ​សារព័ត៌មាន​អន្តរជាតិ​ដូច​ជា​ក្រុម​ហ៊ុន​វិទ្យុ​និង​ទូរទស្សន៍​ជាតិ​រុស្ស៊ី កាសែត​រុស្ស៊ី BBC CNN AP Reuters ទីភ្នាក់​ងារ​សារព័ត៌មាន​បារាំង ក្រុម​ហ៊ុន​ផ្សព្វផ្សាយជប៉ុន ក្រុមហ៊ុន​វិទ្យុ​និង​ទូរទស្សន៍​អ៊ីតាលី និងសម្ព័ន្ធ​​វិទ្យុ​អឺរ៉ុប​ ព្រម​និង​ឯកអគ្គរដ្ឋ​ទូ​ត​ប្រទេស​ជា​ច្រើន​​ប្រចាំ​នៅ​ប្រទេ​សចិន​ជាដើម​ បាន​ផ្ញើ​សារលិខិតទៅវិញ​ទៅមក​ជិត​៣រយលើក​ ដើម្បី​សួរ​សុខទុក្ខ​ ឬ​ឈាន​ដល់​គំនិត​ឯកភាព​រួម​ ។ ដោយ​ឡែក​ អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​ និ​ងស្ថាប័ន​សារព័ត៌មាន​នៃ​ប្រទេស​អឺរ៉ុប​និង​អាមេរិកឡាទីន​​ជាង​១រយ​ស្ថាប័ន​ បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​អំពី​កិច្ច​សហប្រតិបតិ្តការ​និង​ចាប់​ដៃ​​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​តាម​រយៈ “​វេទិកា​អនឡាញ” ដោយ​បង្កើត​​យន្តការ​សហប្រតិបតិ្តការជាមួយ​ប្រព័ន្ធ​សារព័ត៌មាន​ជា​ច្រើន​ បាន​រួម​គ្នា​ផលិត​ភាពយន្ត​ឯកសារ «​គន្លង​ប្រវតិ្តសាស្ត្រ​» និង​ «​ កំណប់ទ្រព្យចិន​ »ជាដើម​ ក្នុងន័យ​ផ្តល់​កម្លាំង​​ចិត្ត​ដល់​អ្នក​ផង​ទាំង​ពួង​ដែល​ស្ថិត​នៅ​ក្រោម​ស្រមោល​ខ្មៅ​នៃ​ជំងឺ​ឆ្លង ។

       ភាពក្រីក្រ​គឺ​បី​​ដូច​ជា​ជំងឺឆ្លង​ដែល​​ពិបាក​ដោះ​ស្រាយ​ក្នុង​សង្គម​មនុស្ស​ ។ លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​ថា “​ការ​លុប​បំបាត់​ភាពក្រីក្រ​ ជាសុបិន​របស់​មនុស្សជាតិ​តាំង​ពី​បូរាណកាល​មក​ ជាសិទ្ធិ​មូលដ្ឋាន​របស់​ប្រជាជ​ន​នៃ​បណ្តា​ប្រទេស​នានាក្នុង​ការ​​ស្វែង​រក​ជីវភាពដែល​មាន​​សុភមង្គល​ ” ។ ក្នុ​ងរយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ប្រទេស​ចិន​បាន​សម្រេច​បាន​នូវ​ការ​លុប​បំបាត់​ភាព​ក្រីក្រ​ជា​ទូទៅ ។ ឆ្លងតាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​អស់​រយៈ​ពេល​៨​ឆ្នាំ ប្រជាជន​ចំនួន​ជាង​១រយ​លាននាក់​បាន​បម្រះ​ខ្លួន​ចេញពី​​ភាពក្រីក្រ ប្រទេស​ចិន​បាន​បង្កើត​ភាពអច្ឆរិយ​ក្នុ​ងប្រវត្តិសាស្ត្រ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​មនុស្សជាតិ ។

      ក្នុ​ងនាម​ជា​អ្នក​កត់​ត្រា​នៃ​ប្រវតិ្តសាស្ត្រ​សំខាន់​មួយ​នេះ អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចាក់​ផ្សាយ​​​ភាពយន្ត​ឯកសារ​ជា​ច្រើន​ភាសាដែល​សហការ​​ផលិត​ដោយ​ចិន​និង​អាមេរិក​ ដែល​មាន​ចំណង​ជើង​ថា «​ការ​យក​ឈ្នះ​លើ​ឧបសគ្គ​នៃ​ការលុប​បំបាត់​ភាព​ក្រីក្រ​របស់​ចិន​ » និង​ផលិត​កម្មវិធី​ពិសេស​មួយ​ចំនួន​ ដូច​ជា​ «គំនិត​ផ្តួច​ផ្តើម​ពី​ប្រតិបតិ្ត​ទូទាំង​ពិភពលោក​ឆ្នាំ​២០២០-ការ​លុប​បំបាត់​ភាពក្រីក្រ »ជាដើម ។ យើង​សង្ឃឹម​ថា ឆ្លង​តាម​រយៈ​ការ​កត់​ត្រា​ការងារ​ជាក់​ស្តែង​លើ​វិស័យ​លុ​បបំបាត់​​ភាពក្រីក្ររបស់​ភូមិនីមួយ​ៗ​និង​គ្រួសារ​នីមួយៗ​នៃ​ប្រទេស​ចិន​ អាច​ផ្តល់ជា​​បទ​ពិសោធន៍​ដល់​ប្រទេស​និង​ប្រជាជន​ដែល​បាន​និង​កំពុង​ខំប្រឹង​ប្រែង​បម្រះ​ខ្លួន​ចេញ​ពី​ភាពក្រីក្រ ។

ស្រប​នឹង​ពេល​​​បំពេញ​ភារកិច្ច​ជា​​ប្រព័ន្ធ​សារព័ត៌មាន​ យើង​ក៏​បានបន្ត​ស្វែង​រក​ការ​បង្កើតជា​​ប្រព័ន្ធ​សារព័ត៌មានចម្រុះ ក្នុង​បរិបទសម័យ​​អ៊ីនធឺណែត​ ក្នុ​ងគោលបំណង​​ក្លាយ​ជា​ប្រព័ន្ធ​សារព័ត៌មាន​បែប​ថ្មី​និង​ឈាន​មុខ​លើ​ផ្ទៃ​អន្តរជាតិ​ ។ យើង​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ ​ 5G+4K/8K+AI ដើម្បី​​ផ្សាយ​ផ្ទាល់​នូវ​សកម្មភាពផ្នែក​​វិទ្យាសាស្ត្រ​និង​បច្ចេកទេស​សំខាន់ៗ ដូ​ចជា​យាន​អវកាស​​ ChangE-5 ហោះហើរ​ទៅ​កាន់​ភពព្រះចន្ទ​ដើម្បី​ប្រមូល​យក​សំណាក​ដី និង​នាវា​មុជ​ទឹកឈ្មោះ “តស៊ូ” មុជ​ចូលបាត​​សមុទ្រទឹក​ជ្រៅ​​ជាដើម ។ ក្នុង​អំឡុង​ពេល​ពិព័រណ៍នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទីបី​ យើង​បាន​រៀប​ចំ​សកម្មភាព​លក់​ដូរ​តាមអនឡាញ​ ដើម្បី​ឱ្យ​ប្រជាជន​​អាចរក​​ទិញបាន​​ផលិតផល​គុណភាព​ខ្ពស់ ហើយ​បាន​ជួយ​ផលិត​ផល​អឺរ៉ុប​ជា​ច្រើនឱ្យ​​ចូល​ក្នុង​ទីផ្សារ​ចិន​ ព្រម​ទាំង​ដាក់​​លក់​តាម​អនឡាញ ។

ខ្ញុំ​សម្គាល់​ឃើញ​ថា ការ​ពិតគឺ​ជា​ជីវិត​របស់​ប្រព័ន្ធ​សារព័ត៌មាន​ ។ ដំណឹង​អាច​ជឿទុក​ចិត្ត​បាន​ ព័ត៌មានផ្លូវ​ការ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទំនួល​ខុស​ត្រូវ​និងក្រម​​សីលធម៌​វិជ្ជាជីវៈ​របស់​ប្រព័ន្ធ​សារព័ត៌មាន​ ។ ប៉ុន្តែ​ អ្វី​ដែល​គួ​រឱ្យ​សោក​ស្តាយ ពេល​ផ្សា​យ​ព័ត៌មាន​អំពី​ប្រទេ​សចិន​ ប្រព័ន្ធ​សារព័ត៌មាន​មួយ​ចំនួន​បានប្រើ​ភាព​​លំអៀងមក​​ជំនួសភាព​យុតិ្តធម៌ ប្រើ​ពាក្យ​ចចាម​អារ៉ាម​មក​មួល​បង្កាច់​​ការ​ពិត ។ មិន​ថា​ពេល​ផ្សាយ​ព័ត៌មាន​អំពីការបង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង ឬ​មួយ​ក៏​អំពី​​ហុងកុងនិង​ស៊ីនជាំង​ជាដើម សុទ្ធតែ​បាន​លេច​ចេញ​ព័ត៌មាន​ខុស​ឆ្គង​ រហូត​ដល់ការ​ប្រើ​ពាក្យញុះញង់​បង្កហេតុទៀត​​ផង  ទាក់​ទិន​នឹង​រឿង​នេះ យើង​បាន​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ទាន់​ពេល​វេលា​ ក្នុ​ងន័យ​លាត​ត្រដាង​ពី​ការ​ពិត ។ ទស្សនៈប្រហែល​មានភាព​ខុស​​គ្នា តែ​ការ​ពិត​គឺមាន​តែ​មួយ​គត់ ។ ក្នុង​ឆ្នាំ​ថ្មីនេះ អ្នក​សារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក​​គួរ​តែ​​រ៉ាប់​រង​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ ក្នុង​ន័យធ្វើ​​ឱ្យ​មជ្ឈដ្ឋាន​មតិ​អន្តរជាតិ​មានពាក្យ​​​ភូត​កុហក​​​កាន់​តែ​តិច​ទៅ​ៗ ។

នៅ​អឺរ៉ុប​មាន​ពាក្យ​មួយ​ឃ្លានិយាយ​ថា ៖ អ្នក​មាន​សច្ចធម៌នឹង​មាន​មិត្ត​ភក្តិ​កាន់​តែ​ច្រើនឡើង​ៗ​ ។ ក្នុ​ងឆ្នាំ​ថ្មីនេះ ​អគ្គស្ថានីយវិទ្យុនិ​ងទូរទស្សន៍​មជ្ឈិម​ចិន នឹង​បន្ត​បំពេញ​ទំនួល​ខុស​ត្រូវ​ជា​​ប្រព័ន្ធ​សារព័ត៌មាន​សំខាន់​លំដាប់អន្តរជាតិតទៅ​​ទៀត ប្រកាន់​ខ្ជាប់​គោល​ជំហរ​សត្យានុម័តនិង​យុត្តិធម៌ ដើម្បី​ផ្សព្វ​ផ្សាយពីការ​ពិត​ បញ្ចេញសំឡេង​យុតិ្តធម៌​និងបញ្ជូន​​អរិយធម៌​ដ៏​ល្អ​បវរ​ទៅ​កាន់​ពិភពលោក​ទាំង​មូល​ ។

ឆ្នាំ​២០២១ ជា​ខួប​ទី​១០០​ឆ្នាំ​នៃ​ការ​បង្កើត​បក្ស​កុម្មុយនិស្ត​ចិន ចាប់​ពីពេល​ដែល​ទើប​​បង្កើត​បក្សកុម្មុយនិស្ត​ដែល​មាន​តែ​សមាជិក​១៣រូប​កាល​ពី​១រយ​ឆ្នាំ​មុន​ រហូត​ដល់​មាន​សមាជិក​ចំនួន​ជាង​៩០លាន​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ បក្ស​កុម្មុយនិស្ត​ចិន​បាន​ដឹកនាំ​ប្រទេស​ចិន​សម្រេច​បាន​នូវ​ការ​ងើប​ឡើង​វិញ​ដោយ​សន្តិភាព តើលេខ​សម្ងាត់ទទួល​បាន​ជោគ​ជ័យ​របស់​បក្សកុម្មុយនិស្ត​គឺជា​អ្វី ? ហេតុ​អ្វី​បាន​ជា​ប្រជាជន​១ពាន់​៤រយ​លាន​នាក់​គាំទ្រ​បក្សមួយ​​នេះ​ដល់​​ថ្នាក់ហ្នឹង​? ចម្លើយ​នេះ​គឺ​ជា​ខ្លឹម​សារ​សំខាន់​មួយ​នៃ​ការ​ងារ​ផ្សព្វ​ផ្សាយ​និងយក​បទ​សម្ភាសន៍​របស់​យើង​ក្នុង​ឆ្នាំ​ថ្មី​​នេះ ។ យើង​នឹង​ប្រកាន់​ខ្ជាប់​ស្មារតីវិជ្ជាជីវៈ​ ផ្សព្វ​ផ្សាយ​ព័ត៌មាន​ចិន​និ​ងពិភពលោក​ដោយ​សត្យានុម័ត​និង​គ្រប់​ជ្រុង​ជ្រោយ​ ដើម្បី​ផលិត​កម្មវិធី​ដ៏​ឆ្នើម​កាន់​តែ​ច្រើន​ជូនប្រិយមិត្ត​គ្រប់​រូប​ ។ ពន្លឺ​ព្រះអាទិត្យ​ឆ្នាំ​ថ្មី​មាន​ភាព​ត្រចះត្រចង់ សូម​ជូនពរ​​ឆ្នាំឆ្លូវតាម​ចន្ទគតិ​ចិនសូម​ឱ្យ​​នាំ​មកនូវ​​សំណាង​ល្អដល់អស់​​លោក​អ្នក​ សូម​ជូនពរឆ្នាំ​ថ្មី ​ម្ត​ងទៀត​!

To Top