បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅក្នុងប្រទេសថៃឡង់ដ៏ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសថៃឡង់ដ៏ ត្រូវបានគេរំពឹងថា នឹងទិញយកវ៉់ាក់សាំងកូវីដ១៩ ចំនួន២លានកម្រិត ដែលបានផលិតឡើងដោយក្រុមហ៊ុនឳសថ របស់ប្រទេសចិនឈ្មោះថា Sinovac Biotech ។
អង្គការបានឲ្យដឹងនៅក្នុង របាយការណ៍ប្រចាំថ្ងៃថា ក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃឡង់ដ៏ (MOPH) បានរំពឹងថា នឹងទិញយកវ៉ាក់សាំងចំនួន ២០០.០០០កម្រិតដែលនឹងនំាមកដល់ប្រទេសនៅចុងខែកុម្ភៈ ហើយជើងទី២ នឹងមានចំនួន ៨០០.០០០កម្រិត នឹងមកដល់នៅចុងខែមីនា ទន្ទឹមនឹងនេះដែរ វ៉ាក់សាំងដែលនៅសេសសល់ ពីការបញ្ជាទិញ នឹងមកដល់នៅចុងខែមេសា ។
ក្រសួងខាងលើក៏បានបញ្ជាទិញ វ៉ាក់សាំងដែលមានផ្សេងទៀតចំនួន ២៦លានកម្រិតដែលនាំយកមកនូវរូបមន្តពីសាកលវិទ្យាល័យ Oxford University-AstraZeneca និងបច្ចេកវិទ្យា ដែលនឹងធ្វើការផលិតឡើង នៅក្នុងប្រទេសថៃឡង់ដ៏ ដោយក្រុមហ៊ុន Siam Bioscience ។ វ៉ាក់សាំងទាំងនោះ នឹងមាននៅខែឧសភា នៅក្នុងឆ្នាំនេះ ។ អង្គការសុខភាពិភពលោកប្រចាំនៅប្រទេសថៃឡង់ដ៏ បានឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា