អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ថា លោក Alberto Fernandez ប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន បានបង្ហាញពីក្តីបារម្ភកាលពីថ្ងៃអាទិត្យទៅលើករណីនៃការឆ្លងជំងឺកូវីដ១៩ ដែលបានកើនឡើងខ្លាំងនៅក្នុងប្រទេស និងបានជំរុញឲ្យពលរដ្ឋ ជាពិសេសក្រុមយុវវ័យ គោរពតាមវិធានការណ៍ឲ្យបានត្រឹមត្រូវ ។
លោក Fernandez បានថ្លែងឲ្យដឹងនៅក្នុងអំឡុងពេល ចូលរួមក្នុងព្រឹត្តិការណ៍មួយនៅក្រុង Chapadmalal ដែលបានថ្លែងថា “វ៉ាក់សាំង នឹងផ្តល់ដល់យើង ហើយជាច្រើនខែកន្លងទៅ ដោយផ្តល់ភាពសុំានឹងជំងឺ ប៉ុន្តែនៅពេលនេះ យើងមិនអាចប្រឡែងជាមួយភ្លើងបាននោះទេ ពីព្រោះថា វីរុសកំពុងតែរីកដុះដាល” ។
លោកប្រធានាធិបតី បានថ្លែងប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Telam ថា “ជាការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ” ដែលជាការចាំបាច់បំផុត និងបានព្រមានថា “ជំងឺឆ្លងរាតត្បាត នៅតែបន្តកើតមានឡើងនៅក្នុងប្រទេស” ។
ចន្លោះពីថ្ងៃទី៣១ ខែធ្នូ និងថ្ងៃទី០២ ខែមករា ប្រទេសអាហ្សង់ទីន បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២០.៩០៦នាក់ សរុបមានអ្នកឆ្លងជំងឺដល់ទៅ ១.៦៣៤.៨៣៤នាក់ រួមទាំងមានអ្នកស្លាប់បន្ថែមទៀតចំនួន ២១២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់៤៣.៣៧៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា