បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានជំរុញប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនឲ្យជាប់អន្ទាក់ធ្វើឡើង ដោយផែនការអ៊ីស្រាអែល បង្កឲ្យកើតជាសង្គ្រាមមួយ តាមរយៈការវាយប្រហារនានា ទៅលើកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។
លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានចេញសេចក្តីព្រមានបែបនេះ នៅក្នុងថ្ងៃគម្រប់ខួបអាមេរិក សម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem Soleimani ដោយការវាយប្រហារពីកូនដ្រូន នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយនៅពេលភ្លាមៗនេះ នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយណាមួយ ពីប្រទេសអ៊ីស្រាអែលនៅឡើយទេ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានរិះគន់ថ្កោលទោសលើ កងកម្លាំងជីវពលគាំទ្រដោយអ៊ីរ៉ង់ សម្រាប់ការវាយប្រហារដោយ គ្រាប់រ៉ុកកែតជាប្រក្រតី ទៅលើទីតាំងនានារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលរួមមានទាំងនៅក្បែរ ស្ថានទូតអាមេរិកផងដែរ។ ប៉ុន្តែមិនមានក្រុមគាំទ្រដោយ អ៊ីរ៉ង់ដែលគេស្គាល់ណាមួយ អះអាងទទួលខុសត្រូវលើការ វាយប្រហារទាំងនោះទេ ៕
ប្រែសម្រួល៖ ប៉ាង កុង