ព័ត៌មានអន្តរជាតិ

អ្នកដំណើរអង់គ្លេស នឹងត្រូវរារាំងមិនឱ្យចូលប្រទេសថៃ ក្រោយរកឃើញវីរុសកូវីដ១៩ ដែលឆ្លងរាលដាលលឿន

បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ នឹងស្នើឱ្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ បញ្ឈប់ការចូលរបស់ភ្ញៀវអង់គ្លេសមកប្រទេសនេះ បន្ទាប់ពីការរីករាលដាលយ៉ាងឆាប់រហ័ស នៃប្រភេទ B117 របស់ជំងឺកូវីដ១៩ ត្រូវបានរកឃើញ ទៅលើជនជាតិអង់គ្លេសចំនួន ៤ នាក់ ដែលចូលមកប្រទេសថៃ កាលពីថ្ងៃទី ២១ ខែធ្នូ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់ប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺលោក Opas Karnkawinpong កាលពីថ្ងៃអាទិត្យថា អ្នកដំណើរទាំងអស់ ដែលនៅលើយន្ដហោះដូចគ្នា នឹងអ្នកទាំង ៤ នាក់ និងអ្នក ដែលបានទាក់ទងជាមួយពួកគេ ត្រូវបានធ្វើតេស្ត និងរកឃើញថាមានមេរោគ។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong បានទទូចដល់សាធារណជ នកុំឲ្យភ័យស្លន់ស្លោ នៅពេលដែលប្រទេសថៃ មានវីរុសកូវីដ១៩ ដែលប្តូរទម្រង់ងាយឆ្លងជាងមុន ដែលត្រូវបានគេស្គាល់ថាជា G-strain ត្រូវបានរកឃើញ ទៅលើពលករចំណាកស្រុកមីយ៉ាន់ម៉ា។
លោកវេជ្ជបណ្ឌិត Opas បន្តថា “B117 គឺស្រដៀងនឹង G-strain ពីមីយ៉ាន់ម៉ា នៅក្នុងលក្ខខណ្ឌ នៃការរីករាលដាលយ៉ាងឆាប់រហ័ស” ។ អ្នកជំងឺអង់គ្លេសទាំងបួននាក់ គឺជាសមាជិកគ្រួសារ – ឪពុកម្តាយនិងកូនពីរនាក់ មកពីទីក្រុង Kent ភាគខាងត្បូងអង់គ្លេស ។

វេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាព ផ្នែកព្យាបាលរោគ នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា ពួកគេ ត្រូវបានគេដាក់នៅក្នុងបន្ទប់ សម្ពាធអវិជ្ជមានរបស់មន្ទីរពេទ្យ ដើម្បីការពារការឆ្លង ហើយនឹងមិនត្រូវឱ្យចេញពីពេទ្យឡើយ រហូតដល់មន្រ្តីពេទ្យធ្វើតេស្ត និងបញ្ជាក់ពីហានិភ័យ Covid-19 ៕ ប្រែសម្រួលៈ ណៃ តុលា

To Top