បរទេស៖ ទាហានស៊ីរីតិចបំផុតចំនួន៩នាក់ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងហេតុការណ៍វាយប្រហារទៅលើរថយន្តក្រុង នៅតាមផ្លូវហៃវ៉េ ក្នុងតំបន់វាលខ្សាច់ស៊ីរីកណ្ដាល ហើយនេះជាការវាយប្រហារ លើកទីពីរ ក្នុងពេលតិចជាងមួយសប្ដាហ៍ ធ្វើឡើងដោយពួកសកម្មប្រយុទ្ធ រដ្ឋឥស្លាមជ្រុលនិយម នេះបើតាមសម្តីប្រជាពលរដ្ឋក្នុងតំបន់។
តែនៅពេលមុននោះ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី ដោយមិនបានបញ្ជាក់អត្តសញ្ញាណ ពួកគេថាជាទាហាននោះ បាននិយាយថា មានមនុស្ស៦នាក់បានស្លាប់ នៅជិតភូមិ Wadi al Azeeb ក្នុងផ្នែកខាងលិចនៃតំបន់វាលខ្សាចស៊ីរី ឈ្មោះ Badia ស្ថិតនៅខាងកើតទីក្រុងហាម៉ា នៅពេលរថយន្តក្រុងពួកគេ រងការវាយប្រហារក្នុងខណៈធ្វើដំណើរលើដងផ្លូវ។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយប្រាប់ថា កាលពីថ្ងៃពុធសប្ដាហ៍មុន មានមនុស្សចំនួន២៨នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហារ ភេរវកម្មស្រដៀងគ្នានេះដែរ លើរថយន្តក្រុង នៅតាមដងផ្លូវហៃវ៉េ ក្នុងខេត្ត Deir al-Zor ដែលជាប់នឹងព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់៕
ប្រែសម្រួល៖ប៉ាង កុង