បរទេស ៖ កងកម្លាំងបដិវត្តន៍ នៃប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានរឹបអូសយកនាវា ដឹកទំនិញបំពាក់ទង់ជាតិ កូរ៉េខាងត្បូង មួយគ្រឿង ដោយលើកឡើង ពីការបំពុលបរិស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Fars News និង Tasnim News បានរាយការណ៍ថា នាវានោះ ត្រូវបានរឹបអូសនៅថ្ងៃចន្ទម្សិលមិញនេះ នៅច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់បំផុត ក្នុងពិភពលោកសម្រាប់ដឹកប្រេង ក្នុងខណៈនាវាកំពុងធ្វើដំណើរ ពីប្រទេសអារ៉ាប៊ីសាអូឌីត ទៅសហភាពអារ៉ាប់រួម ។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Tasnim News បានឲ្យដឹងថា នាវាដឹកទំនិញកូរ៉េខាងត្បូងនោះ បង្កឲ្យមានបញ្ហាបរិស្ថាន និងសារធាតុគីមី នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ប៉ុន្តែសេចក្តីរាយការណ៍ មិនបានផ្តល់សេចក្តីលម្អិត ស្តីពីបុព្វហេតុនៃការបំពុលបរិស្ថាននោះទេ៕
ប្រែសម្រួល៖ប៉ាង កុង