សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការបរទេស លោកស្រី Kang Kyung-wha បានអំពាវនាវកាលពីថ្ងៃច័ន្ទ សម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់ដំបូង ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក របស់លោក ចូ បៃដិន ដើម្បីពង្រឹងសម្ព័ន្ធភាពទ្វេភាគី និងដើម្បីបន្តកិច្ចសហប្រតិបត្តិការជាសកល ក្នុងការលើកកម្ពស់សន្តិភាព យូរអង្វែងនៅឧបទ្វីបកូរ៉េ។
លោកស្រីបានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាឆ្នាំថ្មី នៅពេលទីក្រុងសេអ៊ូល ព្យាយាមធ្វើឱ្យប្រសើរឡើងវិញ នូវការទូតនុយក្លេអ៊ែរ ដែលជាប់គាំងជាមួយប្រទេសកូរ៉េខាងជើង តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយរដ្ឋបាលលោក បៃដិន ដែលគ្រោងនឹងចាប់ផ្តើម នៅចុងខែនេះ និងដៃគូក្នុងតំបន់ផ្សេងទៀត។
លោកស្រី ត្រូវបានដកស្រង់សម្ដី ដោយការិយាល័យរបស់លោកស្រីថា “នៅក្នុងឱកាស នៃការចាប់ផ្តើមរដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក យើងនឹងត្រូវអភិវឌ្ឍសម្ព័ន្ធមិត្ត កូរ៉េខាងត្បូង – សហរដ្ឋអាមេរិក ដោយសម្រេចឱ្យបាន នូវការផ្លាស់ប្តូរកម្រិតខ្ពស់ដំបូង និងតាមរយៈវិធានការដទៃទៀត”៕ ដោយ៖ ឈូក បូរ៉ា