ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ហាក់មិនអើពើពីការអំពាវនាវ ឲ្យដោះលែងនាវាដឹកប្រេង ដែលខ្លួនបានឃាត់ទុកឡើយ

សេអ៊ូល៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទម្សិលមិញនេះ បានអំពាវនាវឱ្យអ៊ីរ៉ង់ ដោះលែងជាបន្ទាន់ នូវនាវាដឹកទង់ជាតិកូរ៉េខាងត្បូងមួយគ្រឿង ដែលខ្លួនបានឃាត់ទុកនាពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

ក្រសួងការបរទេសបានអះអាងថា ការឃុំឃាំងនាវាដឹកប្រេងកូរ៉េខាងត្បូងរបស់អ៊ីរ៉ង់ អាចជាផ្នែកមួយនៃការប៉ុនប៉ង បង្ខំឱ្យសហគមន៍អន្តរជាតិ ដកទណ្ឌកម្មរបស់ខ្លួន មកលើប្រទេសនេះ។

អ្នកនាំពាក្យក្រសួង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា សហរដ្ឋអាមេរិក កំពុងតាមដានរបាយការណ៍ ដែលថាប្រទេសអ៊ីរ៉ង់ បានឃុំឃាំងនាវាដឹកប្រេង មានទង់ជាតិរបស់សាធារណរដ្ឋកូរ៉េ។

អ្នកនាំពាក្យរូបនេះបានបន្តថា “របបនេះនៅតែបន្តគំរាមកំហែង ដល់សិទ្ធិនាវាចរណ៍ និងសេរីភាពនៅឈូងសមុទ្រព៊ែក ដែលជាផ្នែកមួយ នៃការប៉ុនប៉ងជំរិតយកសហគមន៍អន្តរជាតិ ចូលក្នុងការបន្ធូរបន្ថយសម្ពាធ នៃការដាក់ទណ្ឌកម្ម៕ ដោយ៖ ឈូក បូរ៉ា

To Top