បរទេស៖ ប្រទេសចិន នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានជំរុញឲ្យមានភាពស្ងប់ស្ងៀង និងអត់ធ្មត់ ក្រោយប្រទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនបានបន្តធ្វើការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ២០ភាគរយឡើងវិញ នៅទីតាំងនុយក្លេអ៊ែក្រោមដីមួយកន្លែង ដែលនោះគឺជាការបំពាន កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងជាមួយមហាអំណាចពិភពលោក រួមទាំងចិនផងដែរ។
ការសម្រេចចិត្តចម្រាញ់សារធាតុនុយក្លេអ៊ែ ដែលជាការបំពានដ៏ថ្មីបំផុត របស់អ៊ីរ៉ង់លើកិច្ចព្រមព្រៀងនោះ គឺធ្វើឡើងស្របពេល មានភាពតានតឹងកើនឡើង រវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ របស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍ថា បញ្ហានុយក្លេអ៊ែអ៊ីរ៉ង់ គឺស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់ និងមានលក្ខណៈស្មុគស្មាញ ព្រមទាំងមានភាពរសើបក្រៃលែង ៕
ប្រែសម្រួល៖ ប៉ាង កុង