បរទេស ៖ មន្ត្រីនាំពាក្យរបស់រដ្ឋាភិបាល នៃប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ បានមានប្រសាសន៍ថា ប្រទេសជប៉ុន មានក្តីព្រួយបារម្ភយ៉ាងខ្លាំងក្លា ស្តីពីសេចក្តីប្រកាស ដ៏ថ្មីបំផុតរបស់អ៊ីរ៉ង់ ចំពោះការបន្តធ្វើការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ២០ភាគរយ ។
រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “រដ្ឋាភិបាលមានក្តី ព្រួយបារម្ភជាខ្លាំង ស្តីពីទង្វើដែលជាការរំលោភបំពាន កិច្ចព្រមព្រៀងនុយក្លេអ៊ែនេះ” ។
គួរបញ្ជាក់ថា ការដែលអ៊ីរ៉ង់សម្រេចចិត្តចម្រាញ់ សារធាតុនុយក្លេអ៊ែ ដែលជាការបំពានដ៏ថ្មីបំផុត របស់អ៊ីរ៉ង់លើកិច្ចព្រមព្រៀងនោះ គឺធ្វើឡើងស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ របស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ៕
ប្រែសម្រួល៖ប៉ាង កុង