បរទេស ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយប្រាប់ថា ខ្លួននឹងធ្វើការឆ្លើយតបវិញ ជាដាច់ខាត ចំពោះទង្វើអ៊ីស្រាអែល ណាមួយដែលប្រឆាំងខ្លួន ក្រោយនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍ថា ប្រទេសអ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យទីក្រុងតេអេរ៉ង់ ធ្វើការអភិវឌ្ឍផលិតអាវុធ នុយក្លេអ៊ែនោះឡើយ ។
កាលពីថ្ងៃចន្ទ ប្រទេសអ៊ីរ៉ង់ធ្លាប់បាននិយាយថា ខ្លួនបានបន្តធ្វើការចម្រាញសារធាតុ អ៊ុយរ៉ានីញ៉ូម ចំនួន២០ភាគរយ នៅទីតាំងនុយក្លេអ៊ែមួយកន្លែង ហើយការធ្វើបែបនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានភាពតានតឹង កំពុងតែកើនឡើងជាមួយ សហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ នៃអាណត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
ចំណែកលោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល បានថ្លែងប្រាប់ថា ទង្វើរបស់ប្រទេសអ៊ីរ៉ង់នោះ គឺមានគោលដៅធ្វើការអភិវឌ្ឍផលិត អាវុធនុយក្លេអ៊ែ ហើយប្រទេសអីស្រាអែល នឹងមិនអនុញ្ញាតឲ្យទីក្រុងតេអេរ៉ង់ បង្កើតអាវុធនោះបានឡើយ ។ អីរ៉ង់និយាយថា ខ្លួនមិនដែលស្វះស្វែងប្រឹងប្រែងផលិតអាវុធ នុយក្លេអ៊ែនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)