បរទេស៖ បុរសម្នាក់ដែលជាអ្នកបើករថយន្តដឹកកម្មករចំណាកទៅកន្លែងធ្វើការ និងដឹកត្រឡប់វិញ ដែលបានឆ្លងមេរោគកូវីដ១៩ បានស្លាប់ ដែលធ្វើឱ្យអ្នកស្លាប់ដោយសារមេរោគនេះ នៅប្រទេសថៃ កើនដល់ ៦៦នាក់ ខណៈដែលរដ្ឋាភិបាលបានរាយការណ៍ពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៣៦៥នាក់ទៀត ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹង ការស្លាប់ថ្មីម្នាក់ទៀតនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ពីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃកើនឡើងដល់ ៦៦ នាក់។ ករណីឆ្លងសរុបនៃករណីដែលបានបញ្ជាក់បានកើនឡើងដល់ ៩ ៣៣១ នាក់ គិតត្រឹមថ្ងៃពុធ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ បាននិយាយថា អ្នកស្លាប់គឺជាបុរសអាយុ ៦៣ ឆ្នាំម្នាក់ ដែលបានបើកឡានដឹកពលករបរទេសឱ្យទៅធ្វើការនិងត្រឡប់ទៅកន្លែងស្នាក់នៅរបស់ពួកគេនៅខេត្ត សាមុតសាខុន។
លោកបាននិយាយថាបុរសនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្តនៅថ្ងៃទី ២៧ ខែធ្នូ ហើយបានប្រកាសថា គាត់បានស្លាប់កាលពីថ្ងៃអង្គារដោយ សារជំងឺសរីរាង្គជាច្រើន៕ប្រែសម្រួលៈ ណៃ តុលា