បរទេស៖ រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃពុធនេះបាននិយាយថា ខ្លួនស្លុតចិត្តជាខ្លាំងចំពោះ ការចាប់ខ្លួនសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុង និងបាននិយាយថា ទីក្រុងហុងកុងបានផ្លាស់ប្តូរ ពីទីក្រុងគុជ ក្លាយទៅជាទីក្រុងធ្វើវិសុទ្ធកម្ម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ បាននិយាយប្រាប់ថា ប្រសិនបើលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ទីក្រុងហុងកុង នៅតែបន្តធ្លាក់ចុះ និងវាធ្វើឲ្យប៉ះពាល់ដល់កិត្តនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិទៀតនោះ វានឹងមិនផ្តល់ផលប្រយោជន៍អ្វីសោះ ដល់ចិនដីគោក។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ ប៉ូលីសហុងកុង បាននិយាយប្រាប់ថា មនុស្សចំនួន៥៣នាក់ ត្រូវបានចាប់ខ្លួននៅក្នុង ប្រតិបត្តិការបង្ក្រាបពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលពាក់ព័ន្ធនឹងមន្ត្រីសន្តិសុខជាតិចំនួនប្រហែល ១.០០០នាក់ ហើយនោះគឺជាការបង្ក្រាបដ៏ធំបំផុត លើជំរុំក្រុមប្រឆំាងហុងកុង៕
ប្រែសម្រួល: ប៉ាង កុង