ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏កក្រើក នៅឥណ្ឌូនេស៊ី តែមិនទាន់មានសញ្ញាណាមួយ បញ្ជាក់អំពីរលកយក្សស៊ូណាមិ នៅឡើយទេ

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នំា២០២១ថា ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី និងឧតុនិយម បានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលមានកម្រិតរញ្ជួយដ៦,២រ៉ិចទ័រ បានអង្រួននៅខេត្ត Gorontalo ស្ថិតនៅភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយ បញ្ជាក់អំពីរលកយក្សស៊ូណាមិ នៅឡើយទេ ។

ទីភ្នាក់ងារបានបញ្ជាក់ថា ការចុះផ្សាយពីដំបូង ដោយទីភ្នាក់ងារអំពីការរញ្ជួយដី គឺថា មានកម្រិត៦,៤រ៉ិចទ័រ ។ គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៣និង៥៩នាទីព្រឹក ម៉ោងនៅហ្សាការតា នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវនឹងម៉ោង២០និង៥៩នាទីម៉ោងសកល ដែលស្ថិតនៅចម្ងាយ ៧១គីឡូម៉ែត្រ ពីស្រុក Bonebelago និងមានជម្រៅ១៣១គីឡូម៉ែត្រ ស្ថិតនៅក្រោមបាតសមុទ្រ ។

កម្លាំងនៃគ្រោះរញ្ជួយដី គឺក្នុងកម្រិត២ទៅ៣ នៃកម្លំាងរញ្ជួយខ្លាំង ដែលបានបញ្ជាក់ឲ្យដឹង នៅក្រុង Gorontalo ។ ទីភ្នាក់ងារខាងលើបានបញ្ជាក់ដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top