បរទេស៖ មន្ត្រីជាន់ខ្ពស់ សហភាពអារ៉ាប់រួមមួយរូប បានបង្ហាញនូវសុទិដ្ឋិនិយម ជុំវិញកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះជាមួយប្រទេសកាតា នៅក្នុងជំនួបកំពូលអារ៉ាប់ឈូងសមុទ្រ កាលពីថ្ងៃអង្គារម្សិលមិញនេះ ប៉ុន្តែបាននិយាយថា វិធានការកសាងទំនុកចិត្ត គឺចាំបាច់ណាស់ ដើម្បីបង្កើតចំណងមិត្តភាពឡើងវិញ។
តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម លោក Anwar Gargash បាននិយាយប្រាប់ទូរទស្សន៍ Al Arabiya យ៉ាងដូច្នេះថា “យើងចាំបាច់ត្រូវតែប្រាកដក្នុងចិត្ត ចំពោះតម្រូវការចាំបាច់ ក្នុងការស្តារឡើងវិញនូវទំនុកចិត្ត និងបង្កើតឡើងវិញ នូវភាពស្អិតរមួត”។
គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រីការបរទេស សហភាពអារ៉ាប់រួមនេះ គឺត្រូវបានធ្វើឡើង ក្រោយថ្នាក់ដឹកនាំ តំបន់ឈូងសមុទ្រចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាមគ្គីភាពនិងស្ថិរភាព នៅអារ៉ាប៊ីសាអូឌីត ស្របពេលមេដឹកនាំទាំងនោះ ធ្វើជំនួបកំពូលក្រុមប្រឹក្សា សហប្រតិបត្តិការតំបន់ឈូងសមុទ្រប្រចាំឆ្នាំ នៅថ្ងៃអង្គារម្សិលមិញនេះ៕ ប្រែសម្រួល៖ប៉ាង កុង