ព័ត៌មានអន្តរជាតិ

គណៈប្រតិភូកូរ៉េខាងត្បូង ចេញទៅអ៊ីរ៉ង់ ដើម្បីចរចាលើការដោះលែងនាវាដឹកប្រេង ដែលត្រូវបានរឹបអូស

សេអ៊ូល៖ គណៈប្រតិភូរដ្ឋាភិបាលមួយរូប បានចាកចេញទៅប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះដើម្បីចរចាការដោះលែង នាវាដឹកប្រេងកូរ៉េខាងត្បូង និងក្រុមនាវិកដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអ៊ីរ៉ង់ កាលពីដើមសប្តាហ៍នេះ។

មន្រ្តីក្រសួងការបរទេសបានឲ្យដឹងថា គណៈប្រតិភូដែលដឹកនាំដោយលោក Koh Kyung-sok អគ្គនាយកនៃកិច្ចការអាហ្វ្រិក និងមជ្ឈិមបូព៌ារបស់ក្រសួងការបរទេស បានឡើងជិះយន្តហោះមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយគ្រោងនឹងទៅដល់ប្រទេសអ៊ីរ៉ង់ ដោយឆ្លងកាត់ប្រទេសកាតា។

កាលពីថ្ងៃច័ន្ទអង្គភាពឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) បានរឹបអូសយកនាវា MT Hankuk Chemi ដែលដឹកនាវិកចំនួន ២០ នាក់រួមទាំងជនជាតិកូរ៉េខាងត្បូង ៥ នាក់ ដោយសារតែការចោទប្រកាន់ពីការបំពុលបរិស្ថាន។  បច្ចុប្បន្ននាវានេះកំពុងស្ថិតនៅកំពង់ផែមួយក្នុងទីក្រុង Bandar Abbas ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់។

លោក Koh បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិអ៊ិនឈុន ភាគខាងលិចនៃទីក្រុងសេអ៊ូលថា “ខ្ញុំមានផែនការជួបជាមួយសមភាគីរបស់ខ្ញុំនៅឯក្រសួងការបរទេសអ៊ីរ៉ង់ ហើយនឹងជួបអ្នកផ្សេងទៀតតាមរយៈផ្លូវផ្សេងៗប្រសិនបើវានឹងជួយដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការរឹបអូសនាវានេះ”៕ដោយ ឈូក បូរ៉ា

To Top